ប្រធានរដ្ឋសភាថ្មី ផ្ញើសារអបអរសាទរ និងកោតសរសើរ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាប់ឆ្នោតជា នាយករដ្ឋមន្ត្រីជំនាន់ថ្មី ពោរពេញដោយចំណេះដឹង សមត្ថភាព ទេពកោសល្យខ្ពស់ និងមានការទទួលខុសត្រូវខ្ពស់


លោកជំទាវកិត្តិយសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភាថ្មី បានផ្ញើសារចូលរួមសម្តែងនូវអំណរសាទរជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលរដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ។

លោកជំទាវសូមគាំទ្រដ៏ស្មោះស្ម័គ្របំផុត និងគោរពកោតសរសើរ ឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត ដែលជាថ្នាក់ដឹកនាំ និងជាឥស្សរជនយុវជនដ៏ឆ្នើមមួយរូបរបស់កម្ពុជា សម្រាប់ នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្តវេនពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានធ្វើពលិកម្ម យកជីវិតទៅប្តូរដឹកនាំតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងជាស្ថាបនិកបង្កើត នយោបាយឈ្នះ ឈ្នះ ស្វែងរកការបង្រួបបង្រួមជាតិ សុខសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិពីអតីត កាលដល់បច្ចុប្បន្ន។

លោកជំទាវបានបន្តថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ជានាយករដ្ឋមន្ត្រីជំនាន់ថ្មី ពោរពេញដោយចំណេះដឹង សមត្ថភាព ទេពកោសល្យខ្ពស់ ឆន្ទៈវិរិយៈ និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យ កាន់តែមានភាពរីកចម្រើន ជឿនលឿន និងរុងរឿង ដូចបណ្តាប្រទេសអភិវឌ្ឍន៍នៅក្នុងតំបន់ និងសកលលោក។ ខ្ញុំមានជំនឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នឹងបន្តបំពេញបេសកកម្មជាតិដ៏ថ្លៃថ្លាប្រកបដោយឧត្តមគតិ និងការប្តេជ្ញ ចិត្តដ៏មុះមុត តាមរយៈការជំរុញអនុវត្តឱ្យបានជោគជ័យនូវ “យុទ្ធសាស្ត្របញ្ចកោណ” ដើម្បីបន្តពុះពារបម្រើនិង ការពារនូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាក្នុងគ្រប់កាលៈទេសៈ ស្របតាមឆន្ទៈ និងបំណងប្រាថ្នា របស់ប្រជាជន។

ជាថ្មីម្ដងទៀត លោកជំទាវកិត្តិសង្គហបណ្ឌិត សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សា ព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយប្រោះព្រំបីបាច់ថែរក្សាការពារ និងប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី សូមបានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕