អភិបាលរាជធានីភ្នំពេញ ណែនាំមន្ត្រីជំនាញស្តារកាយប្រឡាយ បូមលូ ដើម្បីរំដោះទឹកនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ


ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជា​ទីប្រឹក្សា​ផ្ទាល់​ ឯកឧត្ដម​កិត្តិ​ទេសាភិបាល​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌទួលគោកចុះពិនិត្យមើលលូ និងប្រឡាយ បឹងសាឡាង ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីរិះរកគ្រប់មធ្យោបាយ ធ្វើយ៉ាងណាឱ្យលូ និងប្រឡាយទាំងនេះ អាចរំដោះទឹកបាន នៅពេលមានជំនន់ទឹកភ្លៀងខ្លាំងម្តងៗ។

ខណៈចុះពិនិត្យមើលប្រព័ន្ធលូជាក់ស្តែងនៅតាមបណ្តោយផ្លូវ២៣០ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោកនេះ ឯកឧត្តមបានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការស្តារលូ ចំនួន៦ខ្សែ ជាបន្ទាន់ ដែលលូទាំងនេះ បានតភ្ជាប់ទៅប្រឡាយបឹងសាឡាងយ៉ាងសំខាន់ ក្នុងការរំដោះទឹកនៅក្នុងភូមិសាស្រ្តខណ្ឌទួលគោក ពិសេសនៅមុខមជ្ឃមណ្ឌលម៉ុងឌីយ៉ាល់តែម្តង។

ក្រោយពីការពិនិត្យលូ ឯកឧត្តម ឃួង ស្រេង នូវបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌទួលគោក ចុះពិនិត្យមើលប្រឡាយបឹងសាឡាងផងដែរ ដោយឯកឧត្តមបញ្ជាឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្តារភក់ នៅក្នុងប្រឡាយនេះ ឱ្យបានជ្រៅធ្វើយ៉ាងណាអាចនាំទឹកដោយទៅដល់ប្រឡាយស្ទឹងមានជ័យ។

គួរបញ្ជាក់ថា ប្រឡាយបឹងសាឡាង មានទីតាំងនៅសង្កាត់បឹងសាឡាងខណ្ឌទួលគោក ត្រូវបានឯកឧត្តម ឃួង ស្រេង ចុះពិនិត្យ ដោយចាប់ផ្តើម ពីផ្លូវ២៣០ រហូតដល់ស្ពានអាកាសស្ទឹងមានជ័យ។ ប្រឡាយបឹងសាឡាង មានសារៈសំខាន់ក្នុងការរំដោះទឹកចេញពីបឹងសាឡាង តំបន់ម៉ុងឌីយ៉ាល់ ផ្លូវ២៦១ ផ្លូវ២៣០ និងផ្លូវមួយចំនួនទៀត ក្នុងភូមិសាស្ត្រ ខណ្ឌទទួលគោក។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការនាំទឹកទៅប្រឡាយស្ទឹងមានជ័យ បន្តទៅស្ថានីយបូមទឹកបឹងទំពុន ដូច្នេះហើយទើបអាជ្ញាធររាជធានីភ្នំពេញ ធ្វើការស្តារជាបន្ទាន់ដើម្បីរំដោះការលិចលង់នៅរដូវវស្សានេះ៕