សហភាពអឺរ៉ុបនឹងបន្តផ្តល់កិច្ចសហប្រតិបត្តិការល្អ និងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកលើកស្ទួយជីវភាពរបស់ប្រជាជន


លោកស្រី ខាមែន ម៉ូរេនូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា បានថ្លែងអះអាងថា សហភាពអឺរ៉ុបនឹងបន្តផ្តល់កិច្ចសហប្រតិបត្តិការល្អ និងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តគាំទ្រដល់របៀបវារៈ និងកម្មវិធីកែទម្រង់ជាអាទិភាពនានា របស់រាជរដ្ឋាភិបាល សំដៅបន្តចូលរួមចំណែកក្នុងការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលជួបសម្តែងការគួរសម និងជម្រាបលា ជាមួយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣។

ក្នុងឱកាសនោះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោកស្រី ខាមែន ម៉ូរេនូ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប ក្នុងអំឡុងពេលដែលលោកស្រី បានបំពេញបេសកកម្មការទូតរបស់ខ្លួន និងបានសម្តែងនូវអំណរគុណចំពោះសហភាពអឺរ៉ុប ដែលតែងតែផ្តល់ការគាំទ្រដល់កិច្ចអភិវឌ្ឍក្នុងវិស័យអាទិភាពនានារបស់រាជរដ្ឋាភិបាល និងលើការដ្ឋាន ការងារកែទម្រង់សំខាន់ៗ ដែលសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ទោះស្ថិតក្នុងគ្រាលំបាកនៃផល ប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩ និងសង្គ្រាមរុស្ស៊ី-អុយក្រែន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្តី។

លោកស្រី ខាមែន ម៉ូរេនូ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលធានាបាននូវស្ថិរភាពនយោបាយ និងសង្គម-សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។

ឆ្លៀតក្នុងឱកាសនេះ, លោកស្រីឯកអគ្គរដ្ឋទូត ក៏បានចូលរួមអបអរសាទរជាមួយប្រជាជនកម្ពុជា ដែលទើបទទួលបាននូវរាជរដ្ឋាភិបាលថ្មី កើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

លោកស្រីក៏បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះការដាក់ចេញនូវកម្មវិធីនយោបាយមុតស្រួចច្បាស់លាស់ ពោលគឺ យុទ្ធសាស្​រ្តបញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហភាព អឺរ៉ុបដែលមានឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍនៅកម្ពុជា ដោយបាន គូសបញ្ជាក់ថា សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មដ៏ធំ និងសំខាន់របស់កម្ពុជា និងជឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ នឹងកាន់តែរឹងមាំ និងកាន់តែស៊ីជម្រៅបន្ថែមទៀត បន្ទាប់ពីឯកអគ្គរដ្ឋទូតថ្មីរបស់ សហភាពអឺរ៉ុបប្រចាំកម្ពុជា ចូលកាន់តំណែងនាពេលដ៏ខ្លីខាងមុខ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានជូនពរលោកស្រី ខាមែន ម៉ូរេនូ ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការបំពេញភារកិច្ច និងតួនាទីថ្មីរបស់លោកស្រីនាអនាគត៕