អភិបាលខេត្តពោធិ៍សាត់ ដាស់តឿនដល់អាណាព្យាបាល និងប្រជាពលរដ្ឋឱ្យពញាក់ស្មារតីកូនចៅ ដើម្បីជួយពួកគេអាចជៀសផុតពីគ្រឿងញៀន


ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានអំពាវនាវដល់សិស្សានុសិស្ស អាណាព្យាបាល និងប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវចូលរួមពញាក់ស្មារតី និងដាស់តឿនដោយយកចិត្តទុកដាក់ក្នុងការថែទាំស្វែងយល់ពីទំនាក់ទំនង និងតម្រូវការរបស់កូនចៅ ដើម្បីដោះស្រាយ និងជួយឱ្យពួកគេអាចជៀសផុតពីគ្រឿងញៀននិងឆ្លើយតបទៅនឹងខ្លឹមសារ ចូលរួមទាំងអស់គ្នា ដើម្បីជីវិត សហគមន៍ និងគ្រួសារយើងគ្មានគ្រឿងញៀន បញ្ឈប់ការរើសអើង ការមាក់ងាយ ពង្រឹងការអប់រំបង្កា និងបញ្ឈប់ការផលិត ចរាចរណ៍ រក្សាទុក ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន។

ឯកឧត្តមអភិបាលខេត្តបានអំពាវនាវបែបនេះ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅបរិវេណវិទ្យាល័យពោធិ៍សាត់ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀ ២៦ មិថុនា ២០២៣ ក្រោមប្រធានបទ «ការដុតបំផ្លាញគ្រឿងញៀន គឺជាជំហានដំបូង ដើម្បីជួយពួកគេឱ្យលូតលាស់ប្រកបដោយសុខភាព និងសុវត្ថិភាព» ដោយមានអ្នកចូលរួមជិត២ពាន់នាក់។

ឯកឧត្តម ខូយ រីដា បានថ្លែងថា ស្របតាមប្រធានបទការដុតបំផ្លាញគ្រឿងញៀនក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានបទមួយមានសារសំខាន់ណាស់ ក្នុងគោលបំណងបន្តបំផុសឲ្យជនគ្រប់រូប បង្កើនការស្វែងយល់ និងផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃគ្រឿងញៀន។ ដូចនេះរាជរដ្ឋាភិបាលកម្ពុជាបានគិតគូរ និងដាក់ចេញនូវយុទ្ធនានេះជារៀងរាល់ឆ្នាំ ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តការងារនេះ ដោយចុះធ្វើការផ្សព្វផ្សាយ អប់រំ ព្យាបាល ទប់ស្កាត់ និងបង្ក្រាបបញ្ហាគ្រឿងញៀននេះដល់សហគមន៍ គ្រួសារ និងបណ្តាសាលារៀន។ គ្រឿងញៀនបង្កបញ្ហាឱ្យកើតមានឡើងនូវអំពើចោរកម្ម អំពើហិង្សា ការរំលោភបំពានផ្លូវភេទ អសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដូច្នេះទាំងកងកម្លាំងប្រដាប់អាវុធ ម្ចាស់ហាង ខារ៉ាអូខេ បៀរហ្គាឌិន សិស្សានុសិស្ស និងប្រជាពលរដ្ឋ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងលុបបំបាត់ដាច់ខាតចំពោះគ្រឿងញៀន។

ឯកឧត្តមអភិបាលខេត្តបានជម្រាបថា គ្រឿងញៀនជាអាវុធបំផ្លាញអនាគតរបស់ខ្លួន គ្រួសារខាតបង់ថវិកា និងប្រឈមនឹងផ្លូវច្បាប់ព្រហ្មទណ្ឌ ប្រសិនបើរកឃើញក្នុងការចែកចាយ ប្រើប្រាស់ ការនាំចូលដោយខុសច្បាប់នូវសារធាតុញៀន។ ជាមួយគ្នានោះ ត្រូវបន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ជាពិសេសបទបញ្ជាលេខ០១ ស្តីពីវិធានការពង្រឹង និងត្រួតពិនិត្យគ្រឿងញៀន ដែលរាជរដ្ឋាភិបាលបានដាក់ចេញឱ្យទទួលបានជោគជ័យ៕