ឯកឧត្តម គឹម សន្តិភាព ៖ អង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលធ្វើសកម្មភាពដោយមិនបានចុះបញ្ជីជាទង្វើខុសច្បាប់ ផ្អែកតាមច្បាប់ NGO កម្ពុជា


(ភ្នំពេញ)៖ ខណៈដែលវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI នៅមិនទាន់បានទទួលការឆ្លើយតបពីក្រសួងការបរទេសលើសំណើសុំចុះបញ្ជីជាផ្លូវការ ប៉ុន្តែអង្គការមួយ នេះនៅតែបន្តសកម្មភាពរបស់ខ្លួនដដែល។ សម្មភាពទាំងនោះត្រូវបានអ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថា បើយោងតាមច្បាប់ស្តីពីសមាគម ​និងអង្គការមិនមែន រដ្ឋាភិបាលបានចែងថា អង្គការមិនមែនរដ្ឋាភិបាលបរទេសដែលធ្វើសកម្មភាពដោយមិនបានចុះបញ្ជីជាទង្វើខុសច្បាប់ អាជ្ញាធរ​មានសមត្ថកិច្ច​ត្រូវ​ចាត់​វិធាន​កា​រប​ញ្ឈប់​ជាបន្ទាន់ ដោយផ្អែកតាមច្បាប់ NGO របស់កម្ពុជា។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព បានថ្លែងថា «សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលធ្វើសកម្មភាពដោយមិនបានចុះបញ្ជី ជាទង្វើខុសច្បាប់ ដោយផ្អែកតាមច្បាប់ស្តីពីសមាគម ​និងអង្គការមិនមែនរដ្ឋាភិបាលរបស់កម្ពុជា។ អាជ្ញាធរមានកាតព្វកិច្ចចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីបញ្ឈប់សកម្មភាពនេះ ហើយសកម្មភាពនេះនឹងទទួលទណ្ឌកម្មព្រហ្មទណ្ឌបន្ថែមទៀត ប្រសិនសកម្មភាពនេះជាអំពើល្មើសព្រហ្មទណ្ឌ! រីឯជនបរទេសដែលកំពុងចូលរួមសកម្មភាពក្នុងសមាគម ឬអង្គការបែបនេះ មិនត្រឹមតែប្រឈមនឹងវិធានការ បណ្តេញចេញប៉ុណ្ណោះទេ គឹត្រូវប្រឈមនឹងទណ្ឌកម្មព្រហ្មទណ្ឌដូចគ្នា ប្រសិនបើខ្លួនបានចូលរួមក្នុងសកម្មភាពដែលជាបទល្មើសព្រហ្មទណ្ឌណាមួយ!»

មាត្រា៣៤ នៃច្បាប់ស្តីពីសមាគម ​និងអង្គការមិនមែនរដ្ឋាភិបាល បានចែងដូច្នេះថា៖ «អាជ្ញាធរ​មានសមត្ថកិច្ច​ត្រូវ​ចាត់​វិធាន​កា​រប​ញ្ឈប់​ជាបន្ទាន់ ​ចំពោះ​សមាគម ​ឬ​អង្គភាព​មិនមែន​រដ្ឋាភិបាល​បរទេស​ណា​ដែល​ធ្វើ​​សកម្មភាព​ដោយ​មិនបាន​ចុះបញ្ជី ​ឬ​ដែល​ត្រូវ​បាន​​បញ្ចប់​សុពលភាព​អនុស្សរណៈ​ដោយ​​ក្រសួង​បរទេស ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​។ ​វិធានការ​បន្ថែម​ទាក់ទង ​នឹង​ការ​បណ្តេញ​ចេញ​ស្របច្បាប់​តាមច្បាប់​អន្តោប្រវេសន៍ ​អាច​ត្រូវ​​បាន​អនុវត្ត​ចំពោះ​ជនបរទេស​ណា ​ដែល​បម្រើការ​ងារ​នៅក្នុង​សមាគម ​ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​​ដែល​ប្រព្រឹត្ត​ល្មើស​ខាងលើ ​ដោយ​ពុំ​ទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត​»