កូរ៉េ សន្យាគាំទ្រកម្ពុជា ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលលើការអភិវឌ្ឍវិស័យ បច្ចេកវិទ្យា កសិកម្ម អព្យាក្រឹតកាបោន និងទេសចរណ៍


លោក គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ បានឱ្យដឹងថា សាធារណរដ្ឋកូរ៉េ សន្យាជួយគាំទ្រដល់កម្ពុជា ដើម្បីសម្រេចបាននូវចក្ខុវិស័យ នៃយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល លើការអភិវឌ្ឍវិស័យ បច្ចេកវិទ្យា កសិកម្ម អព្យាក្រឹតកាបោន និងទេសចរណ៍។

ការសន្យាបែបនេះរបស់ប្រធានរដ្ឋសភាកូរ៉េ បានធ្វើនៅក្នុងជំនួបពិក្សាការងារសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ក្នុងឱកាសដែលលោកបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាទ្វេភាគីជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ លោកគីម ជីន ព្យូ បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលបានជាប់ឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាស្ត្រីដំបូងគេនៅកម្ពុជា។

នាឱកាសនោះដែរ ប្រធានរដ្ឋសភាកូរ៉េ បានបបញ្ជាក់ថា សាធារណរដ្ឋកូរ៉េត្រៀមលក្ខណៈ ជាស្រេចដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងស្ថាប័ននីតិប្បញ្ញត្តិ និងប្រជាជនទាំងពីរ។

សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋសភាក៏ដូចជា៖ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែល បានជួយដល់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងពីការបោះឆ្នោតជាសកលនៅកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍មួយជោគជ័យគួរឱ្យកត់សម្គាល់នៃលទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចី ប៉ុន្តែកំពុងមានការរីកចម្រើនបានផ្តល់នូវសមត្ថភាពរឹងមាំ សម្រាប់រដ្ឋសភានីតិកាលទី៧ និងកសាងមូលដ្ឋានគ្រឹះ សម្រាប់ការផ្ទេរអំណាច ដោយរលូននៅកម្ពុជា ដោយឈរលើគោលការណ៍ឯកភាពជាតិ។

ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនស្តីពីការអភិវឌ្ឍ ប្រទេសជាតិ និងបញ្ហាប្រឈមក្នុងតំបន់ប្រកប ដោយ ភាព ស្និទ្ធស្នាល មិត្តភាព និងស្ថាបនា។ ហើយក៏បានឯកភាពពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគី និងលើកទឹកចិត្ត ឱ្យរដ្ឋាភិបាលទាំងពីរ ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីលើកកម្ពស់ ទំនាក់ទំនងកម្ពុជា-កូរ៉េ ឱ្យក្លាយទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ព្រមជាមួយនិងការប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នា ការជឿទុកចិត្តគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋសភា​ និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានជួយសម្របសម្រួល និងគាំទ្រដល់ពលករ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅក្នុងប្រទេសកូរ៉េ ហើយសង្ឃឹមថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនឹងបន្តការគាំទ្រ និងផ្តល់ជំនួយបន្ថែមទៀត។ ភាគីកម្ពុជាក៏បានស្នើសុំសាធារណរដ្ឋកូរ៉េឱ្យបង្កើនការនាំចូលផលិតផលពីកម្ពុជា ជាពិសេសទំនិញកសិកម្ម និងកសិផលកែច្នៃ, ជួយបណ្ដុះបណ្ដាលខាងផ្នែកបច្ចេកវិទ្យាឌីជីថល ដើម្បីឱ្យសភាកម្ពុជាមានធនធានគ្រប់គ្រាន់ឈានទៅអភិវឌ្ឍខ្លួនឱ្យក្លាយជាសភាឌីជីថល, ជំរុញឱ្យភ្ញៀវទេសចរកូរ៉េ មកទស្សនាកម្ពុជាកាន់តែច្រើនដូចមុនសម័យកូវីដ១៩ និងជំរុញការវិនិយោគផ្ទាល់ពីសាធារណរដ្ឋកូរ៉េឱ្យមកកម្ពុជាកាន់តែច្រើនថែមទៀត។

ភាគីទាំងពីរ បានឯកភាពបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ លើការកសាងសមត្ថភាព ការអភិវឌ្ឍ ធនធានមនុស្ស ភាពប្រទាក់ក្រឡាគ្នានៃសន្តិសុខទឹក ថាមពល និងស្បៀង ការផ្លាស់ប្តូរគ្នាទៅវិញទៅមកក្នុង វិស័យ អប់រំ និងវប្បធម៌ ព្រមទាំងគាំទ្រគ្នាទៅវិញទៅមកក្នុង វេទិកាពហុភាគីផ្សេងៗទៀត។ ទន្ទឹមនឹងនេះកម្ពុជានឹងគាំទ្រសាធារណរដ្ឋកូរ៉េយ៉ាងពេញទំហឹង ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ ពិព័រណ៍ពាណិជ្ជកម្មពិភពលោក ឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន ហើយក៏សូមស្វាគមន៍ចំពោះយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សាធារណរដ្ឋកូរ៉េ។

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនគ្នា លើការមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ សន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េមានការពាក់ព័ន្ធគ្នាទៅនឹងសន្តិភាពនិងសន្តិសុខនៅតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល។ ភាគីទាំងពីរ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការអភិវឌ្ឍទំនាក់ទំនងឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការសភា និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន៕