សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងកែសម្រួលអនុក្រឹត្យមួយប្រគល់ភារកិច្ចជូន ឧបនាយករដ្ឋមន្ដ្រីមួយរូប ដឹកនាំការងារប្រយុទ្ធប្រឆាំងនេះ


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាក្ដីកង្វល់ទាំងក្នុងតំបន់ និងសកលលោក។

ក្នុងឱកាសបន្តចុះជួបកម្មករជិត២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា កាលពីម្សិលមិញ សម្ដេចបានចុះហត្ថលេខាលើអនុក្រឹត្យមួយ ដើម្បីពង្រីកវិសាលភាពនៃការគ្រប់គ្រង និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧបនាយករដ្ឋមន្ដ្រីមួយរូប អមដោយឧបនាយករដ្ឋមន្ដ្រី៣រូប និងរដ្ឋមន្ដ្រីតាមបណ្ដាក្រសួងជាសេនាធិការ។

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីពេលកន្លងទៅការងារប្រយុទ្ធប្រឆាំងនេះ គឺប្រគល់ជូនទេសរដ្ឋមន្ដ្រីមួយរូប ជាអ្នកដឹកនាំ ដោយមានការចូលរួមពីបណ្ដាក្រសួងពាក់ព័ន្ធ ក្នុងនោះមានទាំងក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិជាដើម។ ប៉ុន្ដែសម្ដេចយល់ឃើញថា នៅពេលប្រជុំច្បាស់ណាស់ បណ្ដាក្រសួងពាក់ព័ន្ធអាចបញ្ជូនត្រឹមរដ្ឋលេខាធិការប៉ុណ្ណោះ ដើម្បីចូលរួម ដែលធ្វើឲ្យការងារនេះហាក់មិនសូវមានទម្ងន់ ដូច្នេះហើយទើបសម្ដេចសម្រេចកែសម្រួលតែម្ដង។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសម្រេចកែសម្រួល ខ្ញុំរៀបចំឧបនាយករដ្ឋមន្ដ្រីមួយរូប ជាប្រធានអាជ្ញាធរនេះតែម្ដង ហើយមានឧបនាយករដ្ឋមន្ដ្រី ៣រូបអម ក្នុងនោះមាន ការពារជាតិ មហាផ្ទៃ និងយុត្តិធម៌ ព្រមទាំងរដ្ឋមន្ដ្រីពាក់ព័ន្ធទាំងអស់ចូលជាសមាជិក ហើយយន្ដការនេះត្រូវតម្លើងកម្រិត ហើយមានទេសរដ្ឋមន្ដ្រីម្នាក់ ជាអនុប្រធានប្រចាំការដឹកនាំតែម្ដង»

សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានអះអាងថា ការសម្រេចតម្លើងកម្រិតដឹកនាំនេះ គឺដើម្បីបង្ហាញអំពីការប្ដេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលមិនខុសពីនីតិកាលកន្លងទៅ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ។

សូមរំលឹកថា រាជរដ្ឋាភិបាល នីតិកាលទី៧ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣កន្លងទៅ បានប្រគល់ភារកិច្ចជូន លោកទេសរដ្ឋមន្រ្តី ព្រុំ សុខា ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំនួសលោក កែ គឹមយ៉ាន។

មុនឈានដល់ការបង្កើតរាជរដ្ឋាភិបាល អាណត្តិថ្មីនេះ កាលពីពេលកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់សង្គមកម្ពុជា។ ក្នុងន័យនេះសម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យរាជរដ្ឋាភិបាលអាណត្តិថ្មី ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការប្រយុទ្ធប្រឆាំង និងបង្ក្រាបលើការជួញដូរ​គ្រឿងញៀន។

ដើម្បីបង្ក្រាបការជួញដូរគ្រឿងញៀនឱ្យមានប្រសិទ្ធភាព សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមគំនិតឲ្យធ្វើកំណែទម្រង់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាស្ថាប័នពាក់ព័ន្ធដទៃទៀត។ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា បើការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ទទួលបានជោគជ័យ វាគឺជាសមិទ្ធផលដ៏ធំមួយឆ្លុះបញ្ចាំងពីសមត្ថភាពរបស់រាជ​រដ្ឋា​ភិបាលអាណត្តិថ្មី៕