សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បេសកកម្មនៅឥណ្ឌូនេស៉ី ដើម្បីបញ្ជាក់ជំហរកម្ពុជា ក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់ និងពិភពលោក


ក្រៅពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន​លើក​ទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធជាច្រើនទៀត នៅប្រទេសឥណ្ឌូនេស៉ី ក្នុងនាមជាមសមាជិកអាស៊ាននោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការចូលរួមរបស់កម្ពុជានៅពេលនេះ ក៏ដើម្បីបង្ហាញជំហរក្នុងការចូលរួមដោះស្រាយបញ្ហានានាទាំងក្នុងតំបន់ និងលើពិភពលោកផងដែរ។

ក្នុងឱកាសបន្តចុះជួបកម្មករជិត ២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការចូលរួមជាមួយប្រទេសនានាទប់ស្កាត់សង្គ្រាម រក្សាសន្តិសុខ គឺមានសារៈសំខាន់ដល់កម្ពុជា បើតំបន់មានសង្គ្រាម កម្ពុជាក៏រងគ្រោះ រងផលប៉ះពាល់ដូចគ្នា ហើយកម្ពុជាមិនចង់ឃើញការវិវឌ្ឍក្លាយទៅជាមានសង្គ្រាម អស្ថេរភាព និងប៉ះពាល់ដល់សេដ្ឋកិច្ច នៅក្នុងតំបន់ និងការអភិវឌ្ឍនោះទេ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្នុងនាមជាប្រទេសមួយសមាជិកអង្គការសហប្រជាជាតិ សមាជិកអាស៊ាន និងជាប្រទេសអធិបតេយ្យមួយដែលផលប្រយោជន៍ជាតិរបស់យើង ក៏ត្រូវពាក់ព័ន្ធជាមួយផលប្រយោជន៍តំបន់។ ខ្ញុំទៅដើម្បីបញ្ជាក់ជំហរកម្ពុជា លើគោលនយោបាយសំខាន់ៗ ដែលមានពាក់ព័ន្ធតំបន់ និងលើសកលលោក ពិសេសក្នុងតំបន់យើងតែម្ដង។ ការបញ្ចេញជំហរអំពីការព្រួយបារម្ភ និងកង្វល់ ពាក់ព័ន្ធស្ថានការណ៍ដែលឡើងកម្ដៅ ពិសេសមិនចង់ឃើញការវិវឌ្ឍក្លាយទៅជាមានសង្គ្រាម អស្ថេរភាព និងប៉ះពាល់ដល់សេដ្ឋកិច្ច នៅក្នុងតំបន់ និងការអភិវឌ្ឍនោះទេ»

បើតាមសម្ដេចធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, កម្ពុជាបានចូលរួមដើម្បីបញ្ជាក់អំពីជំហរ និងគោលនយោបាយ ដែលចូលរួមក្នុងការថែរក្សាសុខ សន្ដិភាព កសាងស្ថេរភាពក្នុងតំបន់ និងវិបុលភាព ដើម្បីប្រទេសយើង រួមគ្នាជាមួយប្រទេសនៅក្នុងតំបន់ និងសកលលោក បានទទួលនូវភាពជោគជ័យ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា បេសកកម្មនេះដើម្បីបញ្ចេញជំហរនយោបាយរបស់កម្ពុជា និងការប្ដេជ្ញាចិត្តរបស់កម្ពុជា នៅក្នុងការចូលរួមជាបេក្ខភាព ជាសមាជិកមួយដ៏ល្អ នៃសហគមន៍ពិភពលោក ដើម្បីបន្ដថែរក្សាសុខ សន្ដិភាព ស្ថេរភាព និងជំរុញការអភិវឌ្ឍ និងការភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនលើគ្រប់វិស័យ។

ព្រមពេលជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សមិទ្ធផលជោគជ័យនៃបេសកកម្មការងាររបស់សម្តេច នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះ គឺជាសមិទ្ធផល សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល មិនមែនជាសមិទ្ធផល សម្រាប់តែខ្លួនសម្តេចផ្ទាល់នោះទេ។ ការអញ្ជើញទៅប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលមានការចូលរួមពីប្រទេសអាស៊ាន និងប្រទេសមហាអំណាច នៅលើពិភពលោក មិនមែនទៅដើម្បីសម្ញែងនោះទេ គឺជាបេសកកម្មដើម្បីប្រយោជន៍ជាតិ។

សម្ដេចគូសរំលេចថា ការងារធំបីដែលសម្តេចបានធ្វើដើម្បីជាតិរួមមាន៖

*ទី១៖ គឺការងារការទូត ក្នុងនាមជាប្រមុខរាជរដ្ឋាលកម្ពុជា ពិសេសក្នុងនាមជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ចំពោះពេលដែលមានកិច្ចប្រជុំកំពូលអាស៊ានដែលមានថ្នាក់ដឹកនាំអាស៊ានទាំងអស់ចូលរួម បូករួមប្រទេសមហាអំណាចផ្សេងៗទៀត ដើម្បីភ្ជាប់ទំនាក់ទំនង និងបន្តទំនាក់ទំនងការទូត ដោយស្មើមុខស្មើមាត់

*ទី២៖ ការជួបទ្វេភាគី ដើម្បីបញ្ជាក់នូវទំនាក់ទំនងជាមួយប្រទេសជិតខាង និងប្រទេសផ្សេងៗនៅលើពិភពលោក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត

*ទី៣៖ គឺការងារសេដ្ឋកិច្ច ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងការទាក់ទាញវិនិយោគមកកម្ពុជា ដោយក្នុងនោះមានទាំងពីការជំរុញការនាំចេញអង្ករ ទៅប្រទេសឥណ្ឌូនេស៉ី, កិច្ចសហប្រតិបត្តិការវិស័យកសិកម្ម និងសហគ្រាសធនតូច និងមធ្យមជាមួយហ្វីលីពីន និងជំរុញឱ្យការបង្កើតកូតា សម្រាប់ពលករខ្មែរទៅកូរ៉េខាងត្បូងជាដើម៕