សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើសុំការយោគយល់ ចំពោះការធ្វើកំណែទម្រង់ «កំណែទម្រង់ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីកំណែទម្រង់»


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាថ្មីម្តងទៀតបានស្នើដល់បងប្អូនជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ សូមមានការយោគយល់ ចំពោះការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាល ព្រោះការធ្វើកំណែទម្រង់ ដើម្បីផលប្រយោជន៍ជាតិមាតុភូមិ យើងទាំងអស់គ្នា។

ជាមួយគ្នានេះ សម្តេចបានដាក់ចេញនូវពាក្យស្លោក ពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់ ដើម្បីបន្តអនុវត្តន៍ គឺ «កំណែទម្រង់ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីកំណែទម្រង់»

ការលើកឡើងរបស់សម្តេចធិបតីយ៉ាងដូច្នេះថា ធ្វើឡើងបន្ទាប់ពីសម្តេចបានដាក់ចេញនូវគោលការណ៍ថ្មីៗមួយចំនួន ដែលជាការកែទម្រង់ ក្នុងនោះរួមទាំងការកែទម្រង់ការជ្រើសរើសមន្ត្រីថ្មី ចូលបំពេញការងារផងដែរ។

សម្តេចនាយករដ្ឋមន្ត្រីក៏បានលើក ពីឧទាហរណ៍នៃការធ្វើកំណែទម្រង់លើទីប្រឹក្សា និងជំនួយការ នៅតាមបណ្តាក្រសួងស្ថាប័ននានា ដែលសម្តេចវិបុលសេនាភក្តី សាយ ឈុំ ទើបតែបានចេញនូវព្រះរាជក្រឹត្យកាលពីពេលថ្មីៗកន្លងទៅនេះ។

ការថ្លែងរបស់សម្តេចមហាបវរធិបតី ធ្វើឡើងក្នុងឱកាសបន្តចុះជួបកម្មករជិត ២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបងប្អូនយោគយល់ ហើយសូមចូលរួមក្នុងការធ្វើកំណែទម្រង់ ទើបយើងអាចធ្វើបាន ហើយកំណែទម្រង់ដើម្បីអ្នកណា គឺដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីកំណែទម្រង់ នេះហើយគឺជាពាក្យស្លោកដែលយើងត្រូវធ្វើ»

សម្តេចនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា នៅពេលដែលមានការកែទម្រង់ ច្បាស់ណាស់ គឺមានការប៉ះពាល់មួយចំនួន ដូច្នេះទាមទារឱ្យចេះលះបង់ និងចូលរួមទាំងអស់ បើមិនដូច្នេះការកែទម្រង់មិនទទួលបានជោគជ័យនោះឡើយ៕