ឯកឧត្តមបណ្ឌិត ម៉ឹង មករា អញ្ជើញដឹកនាំពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនពលរដ្ឋជាង៥០០នាក់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម


នាថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ បានអញ្ជើញដឹកនាំពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋជាង៥០០នាក់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅវត្តស្អាង ក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលមានវត្តមានក្នុងកម្មវិធីនេះ។

សកម្មភាពចុះពិនិត្យព្យាបាលជំងឺប្រជាពលរដ្ឋដល់មូលដ្ឋាន ជាការបង្ហាញឲ្យឃើញថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់បំផុត អំពីសុខមាលភាព របស់ប្រជាពលរដ្ឋ ព្រោះសុខភាពគឺជាកត្តាចំបងបំផុតដែលអាចឲ្យបុគ្គលម្នាក់ៗ មានលទ្ធភាពចូលរួមអភិវឌ្ឍន៍កិច្ចការងារសេដ្ឋកិច្ចសង្គម ជាពិសេសការជួយសេដ្ឋកិច្ចគ្រួសាររបស់ខ្លួនឲ្យមានភាពរីកចម្រើនទៅបាន លុះត្រាតែមានសុខភាពល្អ។

ឆ្លៀតក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋអាចបង្កបង្កើនផល មានលទ្ធភាពប្រកបអាជីវកម្មចិញ្ចឹមគ្រួសារ ទទួលបានសេវាពិនិត្យព្យាបាលជំងឺមានកម្មសិទ្ធិដីធ្លី លំនៅឋាន មានសាលារៀន មន្ទីរពេទ្យ វត្តអារាម និងអាចធ្វើដំណើរគ្រប់ទីកន្លែងទៅបាន ក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោ ហ៊ុន សែន ជាង៤ទសវត្សរ៍កន្លងមក ហើយពេលនេះ ស្នាដៃដ៏ឧត្តុង្គឧត្តមនេះត្រូវបានបន្តវេនថែរក្សា និងដឹកនាំអភិវឌ្ឍន៍ ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ ពេញលេញជូនប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។

ក្រោមការដឹកនាំឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ បានរួមចំណែកចុះជួយប្រជាពលរដ្ឋ រួមមាន៖ ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយទឹក ស្រះទឹក ការដាំកូនឈើ ព្រមទាំងការងារសេដ្ឋកិច្ចសង្គម រួមមានវិស័យសុខាភិបាល វិស័យអប់រំ ជាពិសេស វិស័យកសិកម្ម ដែលជាសសរស្ដមសេដ្ឋកិច្ចជាតិដ៏មានសារសំខាន់សម្រាប់គ្រួសារប្រជាពលរដ្ឋនៅជនបទ៕