ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន៖ ការងារអាទិភាពស្នូលចំនួន៨ ដែលបានដាក់ចេញ នឹងជួយដល់កំណែទម្រង់វិស័យអប់រំ ឱ្យកាន់តែប្រសើរឡើង


ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា អាទិភាពស្នូលចំនួន៨ដែលបានដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងក្រសួងអប់រំ នឹងក្លាយជាចលករជំរុញវិស័យអប់នៅកម្ពុជាក្នុងអាណត្តិថ្មីនេះឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមលើកឡើងបែបនេះ ក្នុងឱកាសដែលឯកឧត្តមឡើងធ្វើបាឋកថាស្ដីពី ការសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡានៃរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា នៅក្នុងនីតិកាលថ្មីនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី១។

ឯកឧត្តមបន្តថា ដើម្បីធ្វើឱ្យកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា កាន់តែមានភាពល្អប្រសើរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់ អាទិភាពស្នូល ៤ ចំណុច គឺ៖
អាទិភាពស្នូលទី១៖ ការពង្រឹងអភិបាលកិច្ចសាលារៀន។
អាទិភាពស្នូលទី២៖ ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។
អាទិភាពស្នូលទី៣៖ ការលើកកម្ពស់សុខភាពសិក្សា ដោយយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា។
អាទិភាពស្នូលទី៤៖ ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោកភាពជាដៃគូ រដ្ឋ និងសហគមន៍ ដើម្បីការអប់រំ។

បន្ថែមពីលើអាទិភាពស្នូលទាំង ៤ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានបន្ថែម ៤ ចំនុចទៀតរួមមាន៖
• ទី៥៖ ការអប់រំឌីជីថល
• ទី៦៖ ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា
• ទី៧៖ ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព
• ទី៨៖ ការអភិវឌ្ឍការអប់រំកាយ និងកីឡា។
ជាមួយគ្នានេះ ឯកឧត្តមលើកឡើងថា ក្នុងការឆ្លើយតបទៅនឹងការអភិវឌ្ឍកំណែទម្រង់វិស័យអប់រំ ការបង្កើតឱ្យមានកម្មវិធីលើកកម្ពស់គុណវឌ្ឍិគ្រូបង្រៀន និងគណៈគ្រប់គ្រងសាលារៀន ជាកត្តាចាំបាច់បំផុត ដែលអនុញ្ញាតជូនលោកគ្រូ អ្នកគ្រូ អាចបង្កើតគំនិតថ្មីៗពាក់ព័ន្ធនឹងការសិក្សារបស់សិស្ស តាមរយៈការបង្ហាញពីលទ្ធផលតេស្តរបស់សិស្សជូនដល់សហគមន៍ បង្ហាញរបាយការណ៍របស់សាលារៀនជូនដល់សហគមន៍ ដើម្បីឱ្យមជ្ឈដ្ឋានជុំវិញយល់ដឹងពីសារៈសំខាន់នៃការសិក្សាពីព្រោះសហគមន៍ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកលើកកម្ពស់គុណវឌ្ឍិផងដែរ។

ឯកឧត្តមបន្តថា គណៈកម្មការជាតិមួយនឹងត្រូវបង្កើតទ្បើង ដែលដឹកនាំដោយសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែតដើម្បីអនុវត្តិកំណែទម្រង់វិស័យអប់រំ ក្នុងគោលដៅធានាប្រសិទ្ធភាព៕