ឯកឧត្តមរដ្ឋមន្រ្តី ថោ ជេដ្ឋា ចុះពិនិត្យស្ថានភាពទឹក និងត្រួតពិនិត្យប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តសៀមរាប និងខេត្តកំពង់ធំ


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ ប្រធានមន្ទីរ និងមន្ត្រីជំនាញ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យស្ថានភាពទឹក និងជួបជាមួយសហគមន៍កសិករប្រើប្រាស់ទឹកនៅប្រព័ន្ធធារាសាស្ត្រម្កាក់ ដែលស្ថិតក្នុងស្រុកជីក្រែង ខេត្តសៀមរាប។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុកជីក្រែង និងលោកស្រីមេឃុំ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន៣៥នាក់មកពីសហគមន៍កសិករប្រើប្រាស់ទឹកចំនួនបី រួមមានសហគមន៍ម្កាក់ សហគមន៍តំបន់១ និងសហគមន៍តំបន់២។ បន្ទាប់ពីនោះ លោករដ្ឋមន្ត្រី និងក្រុមការងារក៏បានចុះត្រួតពិនិត្យមើលឧបករណ៍បញ្ជាបិទបើកទឹកទំនប់ម្កាក់ និងពិនិត្យមើលពីសក្តានុពលផ្ទៃអាងស្តុកទឹក និងប្រព័ន្ធប្រឡាយសម្រាប់បង្ហូរទឹកស្រោចស្រព។

សូមជម្រាបថា ប្រព័ន្ធធារាសាស្ត្រម្កាក់ត្រូវបានយកចិត្តទុកដាក់ថែទាំ និងជួសជុលឡើងវិញជាបន្តបន្ទាប់ពីសំណាក់សហគមន៍ មន្ទីរ និងក្រសួងធនធានទឹក និងឧតុនិយម។ ដោយមានប្រភពទឹកហូរចូលមកពីស្ទឹងជីក្រែងនៅប៉ែកខាងលើមកប៉ែកខាងក្រោមទន្លេសាប ប្រព័ន្ធធារាសាស្រ្តម្កាក់ ដែលបានកសាងតាំងពីឆ្នាំ១៩៧៣ ស្ថិតនៅភូមិម្កាក់ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវរដូវវស្សាបានចំនួន២៥,០០០ហិកតា ស្រូវប្រាំងបានចំនួន៨,០០០ហិកតា និងដំណាំរួមផ្សំចំនួន១,០០០ហិកតា ក្នុងនោះកសិករដែលទទួលផលពីប្រព័ន្ធធារាសាស្ត្រនេះមានចំនួន២០,០៦១គ្រួសារ។

ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដាំផ្ញើឱ្យបន្តពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹកដែលមានស្រាប់ និងសំណូមពរដល់សហគមន៍កសិករប្រើប្រាស់ទឹកទាំងអស់ឱ្យបន្តជួយថែរក្សាសមិទ្ធផលដែលមានស្រាប់ ដើម្បីអាចប្រើប្រាស់បានយូរអង្វែងតទៅមុខទៀត។

នៅរសៀលថ្ងៃដដែលនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្តចុះពិនិត្យស្ថានភាពទឹក និងត្រួតពិនិត្យប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង ដែលស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំផងដែរ។

គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង ដែលស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ បានកសាងឡើងតាំងពីសម័យប៉ុលពត និងអាចរក្សាទឹកបាន២៥លានម៉ែត្រគូប ហើយមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាបានចំនួន៨៣៦០ហិកតា និងស្រូវប្រាំងចំនួន២១៥០ហិកតា។ ប្រព័ន្ធធារាសាស្ត្រតាំងក្រសាំងមានពីរផ្នែក គឺផ្នែកអាងទឹកស្ថិតនៅក្នុងភូមិក្បាលបីឃុំទីពោ និងផ្នែកប្រព័ន្ធប្រឡាយស្ថិតនៅក្នុងឃុំចំនួន៤ គឺឃុំទីពោ ឃុំតាំងក្រសាំង ឃុំច្រប់ និងឃុំកកោះ៕