ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ គាំទ្រឱ្យមានការលើកកម្ពស់តួនាទីស្ត្រី


នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ដំបូង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានទទួលយកសំណើរបស់ក្រុមការងារយេនឌ័រ ក្នុងការពិនិត្យសមាសភាពលើអតីតភាពការងារ រួមនឹងសមត្ថភាព ការតស៊ូខិតខំរបស់ស្ត្រី ក្នុងការដំឡើងឋាន: តួនាទីដល់ស្ត្រី។

ការបង្ហាញការលើកកម្ពស់ដល់ស្ត្រីយ៉ាងដូច្នេះ ធ្វើឡើងក្នុងកិច្ចប្រជុំនាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងអធិការកិច្ច។

អ្វីដែលសំខាន់នោះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «ស្ត្រីខ្លួនឯងក៏ត្រូវមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសលើវិស័យអធិការកិច្ច ដែលមានអភិបាលកិច្ចល្អជាស្នូល»

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានចាត់ទុកការប្រមូលនូវមូលធនមនុស្ស ដើម្បីបម្រើការងារជាផ្នែកមួយនៃមុំយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដូចនេះកិច្ចការទាំងឡាយ ទាំងការជ្រើសរើសចូលក្របខណ្ឌ ទាំងការចាត់តាំងតំឡើងឋានៈតួនាទី គឺត្រូវស្ថិតនៅលើការប្រឡងប្រជែង ដូចប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានលើកឡើងកន្លងមកហើយថា អ្នកចេះគឺជាប់។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីសុំឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវខិតខំរៀនសូត្រ និងស្វែងយល់បន្ថែមនូវជំនាញដែលពាក់ព័ន្ធវិស័យដែលមន្ត្រីទទួលភារកិច្ច ដូចជាវិស័យអធិការកិច្ច ស្វែងយល់លិខិតបទដ្ឋានគតិយុត្ត និងច្បាប់ផ្សេងៗក្នុងនាមជាមន្ត្រីអធិការកិច្ច៕