ឥណ្ឌាប្ដេជ្ញាអនុវត្តគម្រោងមួយចំនួនជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ផ្តោតលើការផ្គត់ផ្គង់ទឹកស្អាត ការបណ្ដុះបណ្ដាល ការបង្កើតជាភូមិគំរូជាដើម


ឥណ្ឌាប្ដេជ្ញាបន្តទំនាក់ទំនងភាពជាដៃគូឱ្យកាន់តែរឹងមាំជាងមុនជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការផ្តល់ជំនួយលើការងារផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទបន្តផ្តល់ការអប់រំបណ្តុះបណ្តាល ធនធានមនុស្សលើការងារផ្តល់ឥណទានជូនប្រជាជនជនបទ និងសហការផ្តល់បទពិសោធន៍ក្នុងការបង្កើតជាភូមិគំរូ ដោយផ្តោតលើសេវាកម្មសាធារណៈឌីជីថលផ្សេងៗ។

ការប្ដេជ្ញានេះធ្វើឡើងក្នុង​ឱកាស ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យលោកស្រី ទេវ្យានីឧត្តម ខូប្រាហ្កាដេ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣​ នៅទីស្តីការក្រសួង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះភាគីឥណ្ឌា ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជាលើគ្រប់វិស័យ មានវិស័យវប្បធម៌ សាសនា ការអប់រំ បណ្តុះបណ្តាលជំនាញ និងវិស័យអភិវឌ្ឍន៍ជនបទ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនលោកស្រីអគ្គរដ្ឋទូតនូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលផ្តោតសំខាន់លើកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ គន្លឹះអាទិភាពរបស់យុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

ឯកឧត្តមរដ្ឋមន្ត្រីបានអះអាងថា ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក្រសួងអភិវឌ្ឍន៍ជនបទបានរៀបចំកម្មវិធីអាទិភាពរបស់ខ្លួនចំនួន៤​ ដូចមាន៖

១. អភិវឌ្ឍហេដ្ឋារចនាសម្ពន្ធរូបវន្ត និងគមនាគមន៍ សំដៅពង្រីកវិសាលភាពផ្លូវនៅជនបទឱ្យកាន់តែប្រសើរឡើង ដើម្បីជំរុញល្បឿននៃការផ្តល់សេវាកម្មចាំបាច់នានាដល់ជនបទ និងលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋ តាមរយៈការដឹកជញ្ជូនផលិតផលកសិកម្ម និងតភ្ជាប់ផ្លូវជនបទគ្រប់ទីកន្លែងដែលប្រែក្លាយជាជនបទសមាហរណកម្មខិតមកកាន់តែជិតទីក្រុង។

២. កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ដើម្បីឱ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ រក្សាបាននៅអនាម័យមានបង្គន់ប្រើប្រាស់គ្រប់គ្រាន់ និងបញ្ឈប់ឱ្យបាននូវការបន្ទោបង់ពាសវាលពាសកាល។

៣. ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ បន្តលើកកម្ពស់សេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញជូនដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់អាចប្រកបមុខរបរផ្សេងទៀត ក្រៅពីការប្រកបមុខរបរកសិកម្ម ដើម្បីបង្កើនប្រាក់ចំណូលប្រចាំថ្ងៃ។

៤. ពាក់ព័ន្ធនឹងការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ក្រសួងបាននិងកំពុងខិតខំពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពិសេសការអនុវត្តនយោបាយវិមជ្ឈការ ដើម្បីធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារជូនប្រជាពលរដ្ឋកាន់តែល្អ និងឆាប់រហ័សជាងមុនបន្ថែមទៀត។

ជាការឆ្លើយតប លោកស្រីអគ្គរដ្ឋទូតឥណ្ឌាបានសម្តែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ភាពជាដៃគូរយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាលប្រទេសឥណ្ឌា និងរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក។

លោកស្រីបានសន្យាបន្តទំនាក់ទំនងភាពជាដៃគូឱ្យកាន់តែខ្លាំងនិងល្អជាងមុនបន្ថែមទៀត ជាពិសេសជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការផ្តល់ជាជំនួយលើការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ តាមរយៈបច្ចេកទេសអម្រឹត (Amrit) គឺទឹកស្អាតគ្មានសារជាតិពុលអាសេនិក ការជំរុញអ្នកវិនិយោគឥណ្ឌាមកកម្ពុជាដើម្បីបង្កើតការងារជូនប្រជាជនកម្ពុជា និងបន្តផ្តល់ការចែករំលែបទពិសោធន៍ តាមរយៈការអប់រំបណ្តុះបណ្តាលធនធានមនុស្សលើការងារផ្តល់ឥណទានជូនប្រជាជនជនបទ និងការសហការផ្តល់បទពិសោធន៍ក្នុងការបង្កើតជាភូមិគំរូ ដោយផ្តោតលើសេវាកម្មសាធារណៈឌីជីថលផ្សេងៗផងដែរ ដើម្បីប្រែក្លាយជនបទកម្ពុជាជាសង្គមឌីជីថល និងស៊ីវិល័យ។

ភាគីទាំងពីរបានប្ដេជ្ញាបន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង ជាពិសេសរវាងប្រទេសទាំងពីរ ដើម្បីស្វែងយល់អំពីតម្រូវការរបស់កម្ពុជាលើការងារអភិវឌ្ឍន៍ជនបទ ដើម្បីរដ្ឋាភិបាលឥណ្ឌាជួយសហប្រតិបត្តិការបន្តទៀត៕