តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ អំពាវនាវពលរដ្ឋខ្មែរឥស្លាម ជឿជាក់លើការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត


ឯកឧត្តម រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាអនុប្រធានគណចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការជឿជាក់លើការដឹកនាំប្រទេសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា និងបន្តបោះឆ្នោតគាំទ្រនៅអាណត្តិក្រោយៗទៀត។

ថ្លែងរបស់ឯកឧត្តម រ៉ូហ្វី អូស្មាន ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ម៉ាស្ជិតមួយខ្នង ស្ថិតក្នុងឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ មានការចូលរួមពីសមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល អភិបាលរងខេត្តបាត់ដំបង និងអភិបាលរងខេត្តពោធិ៍សាត់។

ឱកាសនោះ ឯកឧត្តម រ៉ូហ្វី អូស្មាន បានលើកឡើងថា រាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីនេះ កំពុងខិតខំបន្តអនុវត្តនូវគោលនយោបាយនានា របស់ថ្នាក់ដឹកនាំមុន ដែលបានស្ដែងចេញនូវសមិទ្ធផលជាបន្តបន្ទាប់។ មួយវិញទៀត រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី កំពុងប្រឹងប្រែងកៀគរនូវអ្នកវិនិយោគបរទេស មកធ្វើការវិនិយោគនៅកម្ពុជា ដើម្បីបង្កើតជាការងារបន្ថែមជូនប្រជាពលរដ្ឋ រួមទាំងទាក់ទាញប្រទេសជាច្រើន ជួយទិញអង្ករពីកម្ពុជា ដើម្បីពង្រីកទីផ្សារស្រូវអង្ករ ក្នុងគោលដៅធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែល្អប្រសើរឡើង។

ឯកឧត្តមបានបន្ថែមទៀតថា ការស្ដែងចេញនូវភាពវៃឆ្លាត ការដឹកនាំដ៏ល្អនេះហើយ សូមបងប្អូនខ្មែរឥស្លាមបន្តគាំទ្រ និងមានការជឿជាក់លើការដឹកនាំរបស់សម្ដេចធិបតី និងរាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន និងថែរក្សាសុខសន្តិភាព ដែលជាកេរដំណែលដ៏សំខាន់បំផុត របស់ថ្នាក់ដឹកនាំជំនានមុនបន្សល់ទុកឲ្យ។

ជាមួយនេះ ឯកឧត្តម រ៉ូហ្វី អូស្មាន ក៏បានថ្លែងអំណរគុណផងដែរ ដល់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បន្តរហូតមកដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការអនុញ្ញាតឲ្យសាសនិកឥស្លាមនៅកម្ពុជា បានប្រតិបត្តិសាសនាដោយសេរី មិនមានការរើសអើង។

គួរបញ្ជាក់ថា ម៉ាស្ជិតមួយខ្នង ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នេះ មានទទឹង១០ម៉ែត្រ បណ្ដោយ១៥ម៉ែត្រ រួមទាំងសមិទ្ធផលជាច្រើនទៀត សរុបថវិកាប្រមាណ៥ម៉ឺនដុល្លារ ជាអំណោយរបស់សប្បុរជននៅប្រទេសម៉ាឡេស៊ី៕