នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ ប្រព្រឹត្តទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
កន្លងមក ប្រាសាទកម្ពុជាដែលត្រូវបានចុះជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមមាន តំបន់អង្គរ (Angkor Zone) ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា, ប្រាសាទព្រះវិហារ (Temple of Preah Vihear) ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក (Temple Zone of Sambor Prei Kuk) ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា។
សូមជម្រាបថា រមណីយដ្ឋានប្រាសាទកោះកេរ ជាអតីតរាជធានីរបស់ខ្មែរដែលស្ថិតក្នុងរាជព្រះបាទជ័យវម៌្មទេវទី៤ ក្នុងកំឡុងស.វ.ទី១០ ក្នុងឆ្នាំ៩២៨ រហូតដល់ឆ្នាំ៩៤១ នៃគ.ស.។ ព្រះអង្គបាននាំយកព្រះសិវលិង្គដែលជារតនសម្បត្តិសម្រាប់រាជ្យ ខណៈខ្មែរបុរាណហៅថា «កម្រតេងជគតតរាជ» ឬភាសាសំស្រ្តឹតហៅថា «លិង្គទេវរាជ» មកតម្កល់នៅទីស្ថានថ្មីនេះ។ ដល់ឆ្នាំ៩២៨ ព្រះបាទជ័យវម៌្មទេវទី៤ បានឡើងសោយរាជ្យពេញលេញក្រោយពីព្រះបាទឦសានវម៌្មទេវទី២ដែលជាក្មួយរបស់ព្រះអង្គ ហើយសោយរាជ្យនៅរាជធានីអង្គរបានចូលទិវង្គតទៅ។
បន្ទាប់ពីឡើងសោយរាជ្យផ្លូវការហើយ ព្រះអង្គបានធ្វើឲ្យតំបន់កោះកេរក្លាយជារាជធានី ដែលជាមជ្ឈមណ្ឌលនយោបាយធំនៅសម័យនោះ។ ចំណែកប្រាសាទផ្សេងៗទៀត កសាងឡើងសម្រាប់តម្កល់បដិមាសំខាន់ៗ ដែលមានទំហំធំៗប្រកបដោយសោភ័ណភាព និងកាយវិការយ៉ាងរស់រវើក។ បដិមាទាំងនោះមានដូចជា ព្រះឥសូររាំ, ព្រះព្រហ្ម, ព្រះនារាយណ៍ ក៏ដូចជាបដិមាមួយក្រុមដែលបានបង្ហាញនូវឈុតប្រយុទ្ធគ្នារវាងក្រុមបណ្ឌព និងក្រុមកោរព ដកស្រង់ចេញពីរឿងមហាភារតៈ។
តាមរយៈសិលាចារឹកបានឲ្យដឹងថា រាជធានីនេះមានឈ្មោះដើមជាភាសាសំស្រ្កឹតថា «លិង្គបុរៈ» និងមានឈ្មោះមួយទៀតហៅថា «ឆោកគគ៌្យរ»។ ឆោកគគ៌្យរនេះ មានអ្នកប្រាជ្ញជាតិនិងអន្តរជាតិមួយចំនួនប្រែថា ស្រះគគីរ គោកគគីរ ឬអ្នកខ្លះទៀតក៏បានប្រែថា កោះគគីរ។ ប៉ុន្តែក្រោយមកក៏មានការយល់ស្របគ្នាដោយហៅមកជា «កោះកេរ» មកដល់សព្វថ្ងៃ។
ក្រោយពីព្រះបាទជ័យវម៌្មទេវទី៤ បានសោយទិវង្គតនៅឆ្នាំ៩៤១ទៅ ព្រះរាជបុត្ររបស់ព្រះអង្គមានព្រះនាមថា ហស៌វម៌្មទេវទី២ សោយរាជ្យបន្តបានតែ២-៣ឆ្នាំប៉ុណ្ណោះ។ នៅឆ្នាំ៩៤៤ ព្រះបាទរាជេន្រ្ទវម៌្មទេវទី២ ដែលជាក្មួយរបស់ព្រះបាទជ័យវម៌្មទេវទី៤ បានឡើងសោយរាជ្យបន្ត ហើយបានប្តូររាជធានីពីកោះកេរនេះទៅរាជធានីអង្គរវិញ។
រាជធានីកោះកេរនេះមានផ្ទៃក្រឡាប្រហែល៤,០០០ហិចតា ដែលក្នុងនោះមានការរៀបចំក្រុងជាមួយ និងរចនាសម្ព័នផ្លូវថ្នល់ រហាល ស្រះ សំណង់រក្សាទឹក ពិសេសការៀបចំប្រព័ន្ធទឹកឲ្យសមស្របជាមួយទីតាំងភូមិសាស្ត្រ។ ក្រៅពីនេះ ក្នុងរាជធានីកោះកេរក៏មានជាសំណង់ស្ថាបត្យកម្មសំខាន់ៗមួយចំនួនទៀត ដូចជា រាជវាំង ប្រាសាទរាជ្យសម្រាប់ព្រះរាជាគោរពបូជា ប្រាសាទសម្រាប់ឧទ្ទិសទៅកាន់បុព្វការីជន ប្រាសាទសម្រាប់សាធារណជនគោរពបូជា សំណង់មន្ទីរពេទ្យជាដើម។
ព្រះបាទជ័យវម៌្មទេវទី៤ បានកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត ដូចជា ទំនប់ទឹក, រហាល, ត្រពាំងតូចធំជាច្រើន និងកសាងប្រាសាទជាច្រើនក្នុងរាជធានីថ្មីនេះ ដូចជាប្រាសាទធំដែលជាស្ថាបត្យកម្មលេចធ្លោនៅកោះកេរនេះ។ មិនតែប៉ុណ្ណោះ ក្នុងរាជធានីកោះកេរក៏មានជាកន្លែងធ្វើឧស្សាហកម្មដែក ក៏ដូចជាការឧស្សាហកម្មផលិតកុលាលភាជន៍សម្រាប់បម្រើលើការប្រើប្រាស់ និងផ្គត់ផ្គង់ក្នុងតំបន់ ក៏ដូចជានាំចេញផងដែរ។
ក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ មានប្រាសាទចំនួន៧៦ប្រាសាទ និងស្ថានីយបុរាណចំនួន៥១ស្ថានីយ។ តំបន់កោះកេរនៅតែជាសហគមន៍មនុស្សរស់នៅក្នុងសម័យអង្គរជាហូរហែពីសតវត្សទី៩ដល់សតវត្សទី១៥ ទោះបីទីនេះលែងមានតួនាទីជារាជធានីកណ្ដាលចាប់ពីឆ្នាំ៩៤៤ក៏ដោយ។
មូលហេតុដែលរមណីយដ្ឋានកោះកេរនេះនៅតែមានតួនាទីសំខាន់ គឺអាចមកពីទីនេះស្ថិតនៅតាមបណ្ដោយផ្លូវធំបុរាណ ដែលតភ្ជាប់ពីរាជធានីអង្គរទៅតំបន់វត្តភូ (សព្វថ្ងៃក្លាយជាទឹកដីឡាវ) និងតភ្ជាប់ទៅទីតាំងផ្សេងទៀតនៅក្នុងអាណាចក្រខ្មែរជំនាន់នោះ។
រមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីទទួលបានចំណាត់ថ្នាក់ដែលអាចចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកបាន ដោយយោងតាមលក្ខណវិនិច្ឆ័យទី២ និងទី៤ ក្នុងចំណោមលក្ខណវិនិច្ឆ័យទាំង១០របស់អង្គការយូណេស្កូ។ ក្នុងនោះដែរលក្ខណវិនិច្ឆ័យទី២ គឺបានបង្ហាញអំពីការផ្លាស់ប្តូរនូវតម្លៃមនុស្សជាតិ ដែលបានកំណត់យ៉ាងច្បាស់លាស់ទៅលើការអភិវឌ្ឍលើវិស័យស្ថាបត្យកម្ម បចេ្ចកទេសបង្ហាញពីសិល្បៈខ្នាតធំ និងមានផែនការការរៀបចំក្រុងច្បាស់លាស់។ ចំពោះលក្ខណវិនិច្ឆ័យទី៤ គឺបានបង្ហាញជាគំរូមួយនៃបណ្តុំសំណង់ស្ថាបត្យកម្ម ដែលបានបែងចែកជាដំណាក់កាលដ៏មានសារៈសំខាន់ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។
ជាមួយគ្នានេះ ក្នុងការចុះរមណីយដ្ឋានប្រាសាទកោះកេរនេះ គឺយោងទៅលើគុណតម្លៃ ដូចជា ស្នាដៃរួមបញ្ចូលគ្នារវាងលក្ខណៈភូមិសាស្រ្ត និងរចនាសម្ព័នថ្មីមួយ ដែលបានរំលេចចេញជាក្រុងមួយច្បាស់លាស់។ មួយវិញទៀត រចនាសម្ព័ននៃប្រព័ន្ធទឹកបានបន្តបម្រើនូវការប្រើប្រាស់របស់អ្នកស្រុកពីសម័យបុរាណមកដល់បច្ចុប្បន្ននេះ៕