សម្តេចតេជោ ហ៊ុន សែន សម្តែងការអបអសាទរយ៉ាងក្រៃលែងជាទីបំផុត ក្នុងឱកាសអង្គការយូណេស្កូ សម្រេចបញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក


សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានសម្តែងការអបអសាទរយ៉ាងក្រៃលែងជាទីបំផុត ក្នុងឱកាសអង្គការយូណេស្កូ សម្រេចបញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នពាក់ពន្ធ័ទាំងអស់ ដែលបានជួយជ្រោមជ្រែង ដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក រហូតសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ជូនជាតិ​មាតុភូមិ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារមានខ្លឹមសារទាំងស្រុងដូច្នេះថា «ក្នុងនាមខ្ញុំប្រធានគណបក្សប្រជាជនកម្ពុជា សូមសម្តែងការអបអសាទរយ៉ាងក្រៃលែងជាទីបំផុតក្នុងឱកាស គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក​ នៅវេលាម៉ោង​១២៖២៨នាទី​ នៅទីក្រុងរីយ៉ាដ​ ត្រូវនឹងម៉ោង១៖២៨នាទី​ នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

ខ្ញុំសូមថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នពាក់ពន្ធ័ទាំងអស់ដែលបានជួយជ្រោមជ្រែងលើការងារនេះ​ រហូតសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ជូនជាតិ​ មាតុភូមិ។

រមណីយដ្ឋានប្រាសាទកោះកេរ ជាអតីតរាជធានីរបស់ខ្មែរ ដែលស្ថិតក្នុងរាជព្រះបាទជ័យវម៌្មទេវទី៤ ក្នុងកំឡុងស.វ.ទី១០ ក្នុងឆ្នាំ ៩២៨ រហូតដល់ឆ្នាំ ៩៤១ នៃគ.ស.។