អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំជ័យ ស្រុកកំពង់ស្វាយតម្លៃជិត ១០០លានរៀល ត្រូវបានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ


លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានអញ្ជើញសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំជ័យតម្លៃជិត ១០០លាន ស្ថិតនៅភូមិជ័យ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។

លោកជំទាវ ឃួន ឃុនឌី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែគិតគូ ពីសុខទុក្ខបញ្ហាជីវភាពរបស់បងប្អូនគ្រប់ពេលវេលា ហើយនៅពេលនេះសមិទ្ធផលថ្មីនេះត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ។

លោកជំទាវបានថ្លែងអំណរគុណឧកញ៉ា ប៉ាវ លុយ និងក្រុមគ្រួសារ ដែលបានបរិច្ចាគដីសាងសង់ស្នាក់ការបក្សឃុំទំហំ ២០ម៉ែត្រគុណ២២ម៉ែត្រ ដោយមានប្លង់កម្មសិទ្ធិស្របច្បាប់ត្រឹមត្រូវ ព្រះសង្ឃក្នុងស្រុកកំពង់ស្វាយ លោកប្រធាន អនុប្រធាន សមាជិកក្រុមការងារឃុំ និងសប្បុរសជន ដែលមានស្មារតីលះបង់យ៉ាងធំធេងទាំងកាយចិត្ត និងបរិច្ចាគថវិកាផ្ទាល់ខ្លួន រួមគ្នាកសាងស្នាក់ការនេះឡើង ស្របពេលដែលសមាជិក សមាជិកាគណបក្សត្រូវការប្រើប្រាស់ ជាពហុប្រយោជន៍យ៉ាងចាំបាច់។

លោកជំទាវ ឃួន ឃុនឌី បានថ្លែងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិសេសការដឹកនាំចង្អុលបង្ហាញណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យប្រទេសកម្ពុជា មានភាពរីកចំរើនជាបន្តបន្ទាប់ មានហេដ្ឋារចនា សម្ព័ន្ធ ខ្វាត់ខ្វែង តភ្ជាប់ពីទីក្រុង ទីជនបទ និងតភ្ជាប់ពីខេត្តទៅកាន់ខេត្តមួយ ដោយសារមានការគិតគូរ និងអភិវឌ្ឍន៍របស់គណបក្សប្រជាជនកម្ពុជា បានបង្ករលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការរស់នៅ ប្រជាជនមានជីវភាពល្អប្រសើរ និងមានសុខសន្តិភាព សណ្តាប់ធ្នាប់ដល់ប្រជាជនកម្ពុជាគ្រប់រូបពិសេស សមាជិក សមាជិការគណបក្សយល់ពីតំលៃនៃសន្តិភាព និងរួមគ្នាថែរក្សាឲ្យបានល្អគង់វង្ស ព្រោះមានតែសន្តិភាពនេះដែលធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ។

លោកជំទាវបន្ថែមថា «គណបក្សប្រជាជនកម្ពុជា ជាគណបក្សមួយដែលមានរចនាសម្ព័ន្ធរឹងមាំ ចាប់ពីថ្នាក់កណ្តាល រហូតដល់ថ្នាក់ខេត្ត ឃុំ សង្កាត់ ភូមិ ហើយមានវ័យចំណាស់ជាងគេ មានបទពិសោធន៍គ្រប់គ្រាន់ និងមានស្នាដៃធំៗជាច្រើន ជូនប្រជាជន និងប្រទេសជាតិបានកសាង នឹងកំពុងបន្តកសាងជាបន្តបន្ទាប់»។

ជាមួយគ្នានេះ លោកជំទាវ ឃួន ឃុនឌី និងក្រុមការងារ បានចូលរួមឧបត្ថម្ភថវិកាមួយចំនួនសម្រាប់សាងសង់ និងសម្ភារមួយចំនួនជូនដល់សមាជិកសមាជិកាផងដែរ។

គួរបញ្ជាក់ថា អគារស្នាក់ការគណបក្សបានសាងសង់នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ មានទទឹង៨ម៉ែត្រ បណ្តោយ១៥ម៉ែត្រ កម្ពស់៤ ម៉ែត្រ និងមានបន្ទប់១បន្ទប់ បន្ទប់ទឹក២ (ផ្ទះបាយ១ និង តុឈើ១ ដែលសមិទ្ធិផល ទាំ ងអស់នេះបានមកពីការកៀរគររបស់ក្រុមការងារគណបក្ស និងព្រះសង្ឃ ជាពិសេសព្រះអនុគុណ ឈុំ សុភ័ត្រា និងសប្បុរសជន ហើយចំណាយ ថវិកាសរុបចំនួន ៩៣,០៧០,០០០រៀលគត់៕