ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញទស្សនកិច្ច វិទ្យាស្ថានជាតិសង្គមកិច្ច, អង្គការអ៊ុកស៊ីដវើលវ៉ាយ និងមជ្ឈមណ្ឌលទារក និងកុមារជាតិ


ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំឥស្សរជន និងមន្ត្រីជំនាញក្រោមឱវាទ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញទស្សនកិច្ចវិទ្យាស្ថានជាតិសង្គមកិច្ច អង្គការអ៉ិកស៊ីដវើលវ៉ាយ និងមជ្ឈមណ្ឌលទារកនិងកុមារជាតិ ដែលមានទីតាំងស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី បានអញ្ជើញជួបនិស្សិតតាមបន្ទប់សិក្សានីមួយៗដែលមាននិស្សិតកំពុងសិក្សានៅទីនោះ និងបានកោតសរសើរដល់គណៈគ្រប់គ្រងវិទ្យាស្ថាន ដែលបានខិតខំធ្វើការបណ្តុះបណ្តាលជំនាញដល់និស្សិតនៅទីនោះរួមទាំងនិស្សិតខ្មែរ និងបរទេស។

ក្នុងជំនួបជាមួយសាស្ត្រាចារ្យ និងនិស្សិតក្នុងវិទ្យាស្ថានជាតិសង្គមកិច្ច អង្គការអ៉ិកស៊ីដវើលវ៉ាយ និងមជ្ឈមណ្ឌលទារកនិងកុមារជាតិ ឯកឧត្តម ជា សុមេធី បានថ្លែងថាបញ្ហាពិការភាពគឺជាកិច្ចការសំខាន់មួយដែលត្រូវយកចិត្តទុកដាក់ ក្នុងនោះរួមមានការស្តារនីតិសម្បទាជូនជនដែលបាត់បង់កាយសម្បទា។

ឯកឧត្តម ជា សុមេធី បានលើកឡើងថាបច្ចុប្បន្នជនមានពិការភាពមានការកើនឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងជំងឺទឹកនោមផ្អែម។ល។ ដែលទាមទារឱ្យមានការជួយស្តារ កាយសម្បទាឱ្យបានល្អចំពោះប្រជាជនដែលមានតម្រូវការ។

ឯកឧត្តមរដ្ឋមន្ត្រីសង្គមកិច្ចរូបនេះ ក៏បានថ្លែងអំណរគុណចំពោះអង្គការអ៉ិកស៊ីដវើលវ៉ាយ ដែលបានចូលរួមជួយនិងសហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច និងបានថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ អ្នកជួយមើលថែទារកនិងកុមារ ពិសេសកុមារដែលមានពិការភាពធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា វិទ្យាស្ថានជាតិសង្គមកិច្ច ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១១ ក្នុងគោលដៅអប់រំបណ្តុះបណ្តាល និងសិក្សាស្រាវជ្រាវមន្ត្រីរាជការផ្ទៃក្នុងក្រសួង និងមន្រ្តីពាក់ពន្ធអនុវត្តការងារសង្គមកិច្ច សិក្សាស្រាវជ្រាវលើវិស័យសង្គមកិច្ចដើម្បីឆ្លើយនឹងសំណូមពរនិងតម្រូវការជាក់ស្តែង សម្រាប់បម្រើឧត្តមប្រយោជន៍ដល់ជនរងគ្រោះនិងងាយរងគ្រោះតាំងពីចាប់កំណើតក្នុងផ្ទៃរហូតដល់ស្លាប់។
«នេះបើតាមការលើកឡើងរបស់លោក វង្ស ភាៈ នាយករងវិទ្យាស្ថានជាតិសង្គមកិច្ច»

វិទ្យាស្ថានមានបេសកកម្មធំពីរគឺ បណ្ដុះបណ្ដាល និង ស្រាវជ្រាវលើវិស័យសង្គមកិច្ច។ បច្ចុប្បន្ន វិទ្យាស្ថានមានមន្ត្រីសរុបចំនួន៧៨រូប គ្រូបង្រៀន៣៨រូប មន្ត្រីជាប់កិច្ចសន្យា៤រូប។

វិទ្យាស្ថានបានបណ្ដុះបណ្ដាលនិស្សិតចំនួន ៧ជំនាន់រួចមកហើយ ស្មើរនឹងនិស្សិតសរុបចំនួន ៤៥៧ នាក់ក្នុងនោះនិស្សិតជំនាញសង្គមកិច្ចវិទ្យាមានចំនួន ១២៨នាក់ និងនិស្សិតបរទេសចំនួន ១៨នាក់។ រីឯនិស្សិតជំនាញសង្គមកិច្ចវិទ្យាទាំង ១២៨នាក់ និស្សិតដែលបានចូលបម្រើការងាររដ្ឋក្នុងចន្លោះប្រមាណពី ១៥-២០ភាគរយប៉ុណ្ណោះចំនួននេះតិចតួចនៅឡើយបើទៀបទៅនឹងតម្រូវការជាក់ស្តែងក្នុងសង្គម។

រីឯ អង្គការអង្គការអ៊ុកស៊ីដវើលវ៉ាយ ជាសាលាបណ្តុះបណ្តាលអ្នកបច្ចេកទេសផលិតនឹងបំពាក់ឧបករណ៍អវយវយៈសិប្បនិម្មិតនិងរណបកម្ពុជា (នៅប្រទេសជិតខាងនិងប្រទេសជាច្រើនទៀតគេហៅថាគ្រូពេទ្យអវយវៈសិប្បនិម្មិតនិងរណប) បានមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ១៩៩៤ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអ្នកបច្ចេកទេសផលិតនឹងបំពាក់ឧបករណ៍អវយវៈសិប្បនិម្មិតនិងរណប ជូនដល់ជនមានពិការភាពដោយសារសង្គ្រាម និងជំងឺផ្សេងៗ។

ចំណែក មជ្ឈមណ្ឌលទារកនិងកុមារជាតិ កំពុងផ្តល់សេវាថែទាំដល់ទារកនិងកុមារសរុបចំនួន ១៧០នាក់ មានអាយុចន្លោះពី ៣ខែ ដល់៤៣ឆ្នាំ ក្នុងកុមារមានពិការភាពចំនួន១៥៦ កុមារមានផ្ទុកជំងឺហ៉ីវ (HIV) ចំនួន៧នាក់ និងកុមារធម្មតាចំនួន០៧។ មជ្ឈមណ្ឌលនេះមន្ត្រីនិងបុគ្គលិកមើលថែសរុបចំនួន៨៣នាក់។

ក្នុងចំណោមកុមារ និងយុវជនមានពិការភាពទាំង ១៧០នាក់ខាងលើ មានកុមារនិងយុវជនចំនួន ៧៥នាក់ អាចទទួលទានអាហារដោយខ្លួនឯងបាន និងកុមារនិងយុវជនចំនួន ៩៥នាក់ត្រូវការអ្នកថែទាំបញ្ចុក។ កុមារចំនួន ៣៥នាក់ ត្រូវទទួលទានបបររ៉េហ្សីម និងកុមារចំនួន ៣០នាក់ ត្រូវប្រើប្រាស់ (លេប) ថ្នាំប្រកាច់ជារៀងរាល់ថ្ងៃ៕