កម្ពុជាស្នើភាគីឥណ្ឌាបន្តកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍ធនធានទឹកចំនួន៥


ភាគីកម្ពុជា និងភាគីឥណ្ឌាបានប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហការលើវិស័យធនធានទឹកឱ្យកាន់តែរីកចម្រើនបន្តបន្ទាប់ទៀត ខណៈភាគីកម្ពុជាបានសំណូមពរដល់ភាគីឥណ្ឌាបន្តកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍ធនធានទឹកចំនួន៥។

ការស្នើនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាមួយលោកស្រី ទេវ្យានី ខូបប្រាហ្កាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងគណៈប្រតិភូ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។

គួររំឭកថា បច្ចុប្បន្ននេះក្រសួងធនធានទឹក និងឧតុនិយមកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ដែលបានចុះកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា និងគណៈប្រតិភូ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ដែលជានិច្ចកាលតែងតែផ្តល់នូវជំនួយគាំទ្រទាំងសម្ភារៈនិងថវិកា និងបានផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អលើវិស័យធនធានទឹកជាមួយក្រសួងធនធានទឹក និងឧតុនិយម នាពេលកន្លងមក។

ក្នុងជំនួបពិភាក្សាការងារប្រកបដោយភាពស្និទ្ធស្នាលនេះដែរ លោករដ្ឋមន្ត្រីក្រសួងធនធានទឹកបានសំណូមពរដល់ភាគីឥណ្ឌាបន្តកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍ធនធានទឹកចំនួន៥ គឺ៖
ទី១៖ គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ស្ថិតនៅខេត្តកំពង់ស្ពឺ។
ទី២៖ គម្រោងដំឡើងស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ។
ទី៣៖ គម្រោងសិក្សាបន្ថែមទឹកក្រោមដីក្នុងខេត្តកំពង់ស្ពឺ ស្ថិតនៅក្រុង-ស្រុកចំនួន៤ គឺក្រុងច្បារមន ស្រុកភ្នំស្រួច ស្រុកសំរោងទង និងស្រុកឧដុង្គ។
ទី៤៖ ផ្តល់រូបភាពពីផ្កាយរណប ដើម្បីជួយដល់ការព្យាករឱ្យមានប្រសិទ្ធភាព ជាពិសេសការព្យាករទឹកជំនន់នារដូវវស្សា។
ទី៥៖ ជួយដល់ការអភិវឌ្ឍធនធានមនុស្សទាំងផ្នែកបច្ចេកទេស និងផ្នែកបច្ចេកវិទ្យា ពិសេសបច្ចេកវិទ្យាទឹកក្រោមដី។

លោកស្រីឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងសម្តែងនូវការកោតសរសើរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសថ្នាក់ដឹកនាំនៃក្រសួងធនធានទឹក និងឧតុនិយម ដែលបានរួមសហការគ្នាយ៉ាងល្អប្រកបដោយប្រសិទ្ធភាពខ្ពស់។

ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងបន្តកិច្ចសហការលើវិស័យធនធានទឹកឱ្យកាន់តែរីកចម្រើនឈានទ្បើងជាបន្តបន្ទាប់ទៀត។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០០៤មក ក្រោមកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹករវាងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា និងក្រសួងធនធានទឹក និងឧតុនិយម ទាំងតាមរយៈជំនួយឥតសំណង និងកម្ចីសម្បទាន បានទទួលនូវសមិទ្ធផលជាច្រើន ដូចជា ទី១-គម្រោងទិញម៉ាស៊ីនបូមទឹក ទី២-គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកស្ទឹងតាសាលដំណាក់កាលទី១ ដែលមានទីតាំងស្ថិតនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទី៣-គម្រោងអភិវឌ្ឍន៍ផែនការមេស្ទឹងសៀមរាប ទី៤-គម្រោងសិក្សាទឹកក្រោមដីក្នុងខេត្តកំពង់ស្ពឺ ដែលបានធ្វើឡើងនៅក្នុងស្រុកចំនួន២ គឺស្រុកបរសេដ្ឋ និងស្រុកគងពិសី៕