ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៨៖០០នាទីព្រឹក នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៥ ។
នៅក្នុងសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដា្ឋនព្រឹទ្ធសភា ដែលបណ្តាញព័ត៍មាន ទទួលបាននៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងទៀតថា របៀបវារៈទាំង ៥ មានដូចជា៖
១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការបង្កើត ក្រសួងអធិការកិច្ច ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ។
២៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤។
៣៖ កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជា វិសាមញ្ញ នីតិកាលទី៤ ។
៤៖ ពិនិត្យ និងសម្រេចលើរបាយការណ៍ស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី១០ និងលើកទី១១ នីតិកាលទី៤ ។
៥៖ កំណត់របៀបវារៈ និងកាលបរិច្ឆេទ សមាសភាពលេខាធិការសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៤ ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដា្ឋនព្រឹទ្ធសភា៖