អភិបាលខេត្តកំពង់ចាម ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ៩៣៧បណ្ណ នៅឃុំខ្ចៅ ស្រុកកងមាស


អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា រួមជាមួយអង្គភាពមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបន្តចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពបណ្ណសម្គាល់សិទិ្ធ កាន់កាប់ប្រើប្រាស់ដីធ្លី ឬបណ្ណសម្គាល់សិទិ្ធកាន់កាប់អចលនវត្ថុ នៅភូមិស្វាយពាន់ទី១ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ចំនួន ៩៣៧ បណ្ណ។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជា ប្រព័ន្ធ បានសម្រេចលទ្ធផល ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដីចំនួន ៩៣៧ ក្បាលដី ស្មើនឹង ៤៤៣ ម្ចាស់កម្មសិទិ្ធករ នៅក្នុងភូមិស្វាយពាន់ទី១ ឃុំខ្ចៅ ស្រុកកងមាស។ ផ្អែកលើលទ្ធផលនេះ លោកសម្តែងនូវការកោតសសើរ ដល់ក្រុមការងារចុះបញ្ជីដីធ្លី និងស្ថាប័ន-អង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសម្រេចកិច្ចការនេះដោយស្មារតីទទួលខុសត្រូវ និងតម្លាភាព។

ឯកឧត្តមអភិបាលខេត្ត បានយកឱកាសនោះ គូសបញ្ជាក់ថា ក្បាលដីដែលបានចុះបញ្ជីនៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានកម្មសិទិ្ធនេះ គឺជាការបានបំពេញលក្ខខណ្ឌគ្រឹះដ៏រឹងមាំដែលធានាដោយរដ្ឋ និងការពារដោយច្បាប់ ហើយក៏ជាលក្ខខណ្ឌសំខាន់សម្រាប់ការប្រើប្រាស់បណ្ណដី ដោយការដាក់ធានា ខ្ចីប្រាក់នៅធនាគារ ដើម្បីយកដើម ទុនមកប្រើប្រាស់សម្រាប់ធ្វើអាជីវកម្មផ្សេងៗក្នុងការកែលម្អជីវភាពរស់នៅ។ ដូច្នេះ ការចុះបញ្ជីដីធ្លីគឺជាការពង្រឹង សុវត្ថិភាព នៃការកាន់កាប់ដីធ្លី ដែលនឹងជំរុញការប្រើប្រាស់ដី ឲ្យអស់សក្តានុពល ហើយកត្តានេះពិតជានឹងកាត់ បន្ថយភាពក្រីក្រ ដែលជាគោលដៅចុងក្រោយ នៃគោលនយោបាយជំរុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ទៀតថា បណ្ណកម្មសិទិ្ធដែលទទួលនៅថ្ងៃនេះ គឺជាឯកសារមួយសំខាន់ណាស់ ជាឯកសារតំណាងទ្រព្យ ជាឯកសារតំណាងសិទិ្ធ នៃកម្មសិទិ្ធដែលជាសិទិ្ធផ្តាច់មុខរបស់កម្មសិទិ្ធករ លើដីធ្លីរបស់ខ្លួនក្នុងការប្រើប្រាស់ និងអាស្រ័យផល ក្នុងការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការដាក់ធានាខ្ចីប្រាក់ ការផ្ទេរមរតកទៅកូនចៅ ដោយអនុលោមតាមការកំណត់នៃច្បាប់ អាស្រ័យហេតុនេះ សុំរក្សាបណ្ណកម្មសិទិ្ធនេះបានល្អបំផុត ៕