ឧបនាយករដ្ឋមន្ដ្រីប្រចាំការ វង្សី វិស្សុត និងឯកអគ្គរាជទូតជប៉ុន ជួបពិភាក្សាការងារជាមួយគ្នា សំដៅបន្ដលើកកម្ពស់កិច្ចសហប្រតិបត្តិការ


នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនេះ លោក UENO Atsushi បានសម្តែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិកន្លងមក ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដែលបានសម្រេចនូវសុខសន្តិភាពជូនប្រជាជនកម្ពុជា និងការអភិវឌ្ឍគួរឱ្យកោតស្ញប់ស្ញែង។

ជាមួយគ្នានេះ ឯកអគ្គរាជទូតក៏បានអបអរសាទរ និងបានសម្តែងនូវស្មារតីសុទិដ្ឋិនិយមថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ នឹងបន្តធានាបាននូវសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍជូនប្រជាជនកម្ពុជា និងបានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការរួមចំណែកគាំទ្រដល់កិច្ចខិត ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ឯកអគ្គរាជទូត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានចាត់ទុកកម្ពុជា ជាប្រទេសគំរូមួយពាក់ព័ន្ធនឹងការធ្វើបរិវត្តកម្ម ក្នុងប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធធនាគារ។

ជាការឆ្លើយតប ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ លើកឡើងថា ជប៉ុនជាមិត្តដ៏ល្អ, ជិតស្និត និងស្មោះត្រង់របស់កម្ពុជា ក្នុងគ្រប់កាលៈទេសៈ និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងវិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម បច្ចេកវិទ្យា និងការអភិវឌ្ឍនានា នាពេលកន្លមកនេះ។

ឯកឧត្តមបានបន្តថា កម្ពុជា-ជប៉ុន មានចំណងទាក់ទងដ៏យូរលុង ហើយឆ្នាំ២០២៣នេះ គឺជាខួបលើកទី៧០ ឆ្នាំ នៃចំណងការទូតរវាងប្រទេសយើងទាំងពីរ។ បច្ចុប្បន្ន, ទំនាក់ទំនង និងចំណងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ហើយត្រូវបានដំឡើងកម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី វង្សី វិស្សុត បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកកសាង និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ចាប់តាំងពីដំណាក់កាលស្វែងរកសន្តិភាព រហូតដល់ដំណាក់កាលនៃការស្តារ និងអភិវឌ្ឍន៍កម្ពុជា។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងអំពីអាទិភាពសំខាន់ៗ នៃ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតសំខាន់ទៅលើការអភិវឌ្ឍមូលធនមនុស្ស, ការបង្កើនប្រសិទ្ធភាពអភិបាលកិច្ច និងការលើកកម្ពស់សមត្ថភាពស្ថាប័នសាធារណៈ ឱ្យកាន់តែប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជា និងធានាឱ្យបាននូវចីរភាព នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច សំដៅឈានឆ្ពោះទៅសម្រេចមហិច្ឆតា ក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងអំពីលទ្ធភាព ក្នុងការពង្រឹងសហការជាមួយរាជរដ្ឋាភិបាលជប៉ុន ក្នុងការលើកកម្ពស់ប្រសិទ្ធភាពអភិបាលកិច្ច, ការកសាងស្ថាប័នសាធារណៈមួយដែលរឹងមាំ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងជាពិសេសការតាក់តែងច្បាប់ និងរៀបចំក្របខណ្ឌគតិយុត្តដែលមានសង្គតិភាព, ប្រសិទ្ធភាព, ងាយស្រួលក្នុងការអនុវត្ត និងព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

លោកឯកអគ្គរាជទូត ក៏បានកោតសរសើរចំពោះការរៀបចំ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដែលជាឯកសារបង្ហាញផ្លូវយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា, ហើយបានបញ្ជាក់ថា រាជរដ្ឋាភិបាលជប៉ុនមានឆន្ទៈមុតមាំ ក្នុងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រនេះ ឱ្យបានជោគជ័យ តាមរយៈការបន្សុំជាមួយនឹងធម្មនុញ្ញ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍ (Development Cooperation Charter) របស់ជប៉ុន។ ជាមួយគ្នានេះ ឯកអគ្គរាជទូត ក៏មាននឹងពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រ ដល់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងការតាមដាន និងវាយតម្លៃការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» និងមុខងារផ្សេងៗទៀតផងដែរ។

ក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងឯកអគ្គរាជទូតជប៉ុន បានធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ប្រកបដោយផ្លែផ្កា លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទូរគមនាគមន៍, ឌីជីថល, សុខភាពសាធារណៈ, ការអប់រំ, ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងឡូជីស្ទីក, ការអភិវឌ្ឍកំពង់ផែស្វ័យតក្រុងព្រះសីហនុ, ការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិក ការអភិវឌ្ឍបច្ចេកវិទ្យា ៥G, និងបង្កើតមូលដ្ឋានគ្រប់គ្រងទិន្នន័យ និងកិច្ចដំណើរការនៃមជ្ឈមណ្ឌលផលិតកម្មឌីជីថល កម្ពុជា-ជប៉ុន (Cambodia-Japan Digital Manufacturing – CJDM) ព្រមទាំងការទាក់ទាញការវិនិយោគផ្ទាល់ពីជប៉ុនផងដែរ។

ជាទិសដៅទៅមុខ, ក្នុងបរិបទដែលសកលលោកកំពុងប្រឈមនឹងការប្រែប្រួល នៃនិម្មាបនកម្មសង្គម-សេដ្ឋកិច្ច និងភាពមិនច្បាស់លាស់ នៃស្ថានភាពភូមិសាស្ត្រនយោបាយ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងឯកអគ្គរាជទូត បានសម្តែងនូវទំនុកចិត្តថាកម្ពុជា និងជប៉ុននឹងបន្តរឹតចំណងមិត្តភាពសម្រាប់ជាប្រយោជន៍ជូនប្រជាជន នៃប្រទេសទាំងពីរ ទោះបីជាក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។

កម្ពុជា និងជប៉ុន បន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម និងការអភិវឌ្ឍដើម្បីប្រយោជន៍ប្រទេសទាំងពីរ។ ក្នុងស្មារតីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានស្នើដល់ឯកអគ្គរាជទូត ពិនិត្យលទ្ធភាពរៀបចំកិច្ចសន្ទនាគោលនយោបាយ (Policy Dialogue) រវាងប្រទេសទាំងពីរ ដើម្បីកំណត់នូវគោលជំហររួមគ្នា (Common ground) ដើម្បីសម្រប និងបន្ស៊ីគ្នារវាងគោលនយោបាយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថ្មីរបស់ជប៉ុន ជាមួយនឹងគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់កម្ពុជា ក្នុងគោលដៅធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងកម្ពុជា-ជប៉ុន កាន់តែរឹងមាំ, គ្រប់ជ្រុយជ្រោយ និងយូរអង្វែង សម្រាប់ជាប្រយោជន៍ដល់ប្រទេសទាំងពីរ។

ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណជាថ្មីម្តងទៀតជូនចំពោះ ឯកអគ្គរាជទូត និងរាជរដ្ឋាភិបាលជប៉ុន ជាពិសេសសម្រាប់ការផ្តល់ជំនួយដល់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងការគាំទ្រដល់គម្រោងអាណត្តិកេរដំណែលរបស់មជ្ឈមណ្ឌលតម្កល់ឯកសាច្បាប់ ពាក់ព័ន្ធទៅនឹង អ.វ.ត.ក.។ ឯកអគ្គរាជទូត បានសម្តែងនូវស្មារតីរីករាយ ក្នុងការបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រទេសកម្ពុជា ឱ្យបានរីកចម្រើនថែមទៀត៕