ក្រសួងបរិស្ថាន កាកបាទក្រហមកម្ពុជា, រដ្ឋបាលខេត្តកំពង់ឆ្នាំង, ខេត្តពោធិ៍សាត់ និងខេត្តកណ្តាល ចុះ MoU និងបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅក្រុងកំពង់ឆ្នាំង


ក្រសួងបរិស្ថាន សហការជាមួយកាកបាទក្រហមកម្ពុជា រដ្ឋបាលខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងខេត្តពោធិ៍សាត់ ចុះអនុស្សរណៈយោគយល់ និងបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅគ្រប់សាលាទូទាំង ខេត្តកំពង់ឆ្នាំង។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ, ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា,ឯកឧត្តម សន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា, លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា, សមាជិក សមាជិកា នៃរដ្ឋសភាប្រចាំមណ្ឌលខេត្តកំពង់ឆ្នាំង, អភិបាលខេត្តកំពង់ឆ្នាំង, អភិបាលខេត្តកណ្តាល, អភិបាលរងខេត្តពោធិ៍សាត់ ព្រមទាំងលោក លោកស្រី លោកគ្រូ អ្នកគ្រូ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ភ្ញៀវអន្តរជាតិ និងក្មួយសិស្សានុសិស្សជាច្រើនផងដែរ។

នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី អ៊ាង សុផល្លែត បានឱ្យដឹងថា ការប្រើប្រាស់សម្ភារប្លាស្ទិកនៅលើពិភពលោក បាននិងកំពុងបង្កជាបញ្ហាដល់បរិស្ថាន និងសុខុមាលភាពមនុស្ស សត្វលើភពផែនដី។ មកទល់ឆ្នាំ២០២២ នៅទូទាំងពិភពលោក បានផលិតនិងប្រើប្រាស់សម្ភារប្លាស្ទិកប្រមាណ ៩,៥ពាន់លានតោន ក្នុងអត្រាកំណើន ៣% ជារៀងរាល់ឆ្នាំ។ ក្រោយពីការប្រើប្រាស់សំណល់ប្លាស្ទិកត្រូវបានបោះចោលហើយមានតែប្រមាណ៩% នៃបរិមាណសំណល់ប្លាស្ទិក សរុបលើពិភពលោកប៉ុណ្ណោះ ដែលបានយកមកកែច្នៃផលិតឡើងវិញ រីឯសំណល់ប្លាស្ទិក ៩១%ទៀត ត្រូវបានយកទៅទីលានទុកដាក់សំរាម ឬដុតចោល និងចោលរាយប៉ាយតាមទីវាល រួចបន្តធ្លាក់ចូលទៅក្នុង ប្រភពទឹកហូរចាក់ចូលទៅក្នុងសមុទ្រប្រមាណជាង ៨លានតោនក្នុង១ឆ្នាំ។

ការបង្កើតសំណល់ប្លាស្ទិកក្នុងបរិមាណដ៏ច្រើន គួបផ្សំនឹងវិធានការគ្រប់គ្រងនៅមានកម្រិតបានបង្កបញ្ហាបរិស្ថានជាច្រើនដូចជា៖ ការបំពុលខ្យល់ការបំភាយឧស្ម័ន ផ្ទះកញ្ចក់ដោយការដុត សំណល់ប្លាស្ទិកការប៉ះពាល់សុខភាពមនុស្ស-សត្វដោយកំណើនវត្តមានពពួកមីក្រូប្លាស្ទិក ក្នុងប្រភពទឹកសាធារណៈ និងការបង្កគ្រោះថ្នាក់ដល់ជីវៈចម្រុះ ពីសំណល់ប្លាស្ទិកយ៉ាងច្រើននៅក្នុងសមុទ្រ និងមហាសមុទ្រ។

ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពស់សេដ្ឋកិច្ចបៃតង» ដែលគោលដៅជាយុទ្ធសាស្ត្រ គឺការកាត់បន្ថយការបំពុល និងផលប៉ះពាល់បរិស្ថានជាអតិបរមា ការពង្រឹងការគ្រប់គ្រងទឹក, ការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការចូលរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុសកល ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព។ ការងារគ្រប់គ្រងសំណល់រឹងទីប្រជុំជន និងប្លាស្ទិកក៏ត្រូវបានកំណត់ជាអាទិភាពនៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨។

សម្រាប់នៅក្នុងខេត្តកំពង់ឆ្នាំង គ្រឹះស្ថានអប់រំសាធារណៈ ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់វិទ្យាល័យមានចំនួន ៣៩៦សាលា និងសិស្សានុសិស្សសរុបចំនួន ១២០,៨១៣នាក់។ សិស្សានុសិស្សនៅទូទាំងប្រទេសមានចំនួន សរុបប្រមាណជាង ៣,៧លាននាក់ បើយើងអាចកាត់បន្ថយការប្រើប្រាស់ ក៏ដូចបញ្ឈប់ការបង្កើតសំណល់ថង់ប្លាស្ទិកក្នុង ១ថ្ងៃ បានចំនួនប្រមាណ ១៥លានថង់។

សូមបញ្ជាក់ថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានរៀបចំដំបូងនៅតាមសាលារៀន ទូទាំងស្រុកចំនួន៤៤ នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងមានលោកគ្រូ អ្នកគ្រូ សរុបចំនួន ៥៤៩នាក់ ស្រី ២៦៣នាក់ និងសិស្សានុសិស្សសរុប ១៨,៧៣៥នាក់ ស្រី ៩,៣៥៣នាក់។ មកដល់ថ្ងៃនេះ យុទ្ធនាការនេះ បាននិងកំពុងអនុវត្តជាបន្តបន្ទាប់នៅតាមសាលារៀនគ្រប់រាជធានី ខេត្ត និងរោងចក្រ៕