ប្រធានក្រុមប្រឹក្សា និងអភិបាលខេត្តសៀមរាប ជួបសំណេះសំណាលជាមួយមន្ដ្រីរាជការ និងផ្ដាំផ្ញើឲ្យខិតខំប្រឹងប្រែងបំពេញការងារ តាមតួនាទីភារកិច្ចរបស់ខ្លួន


ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សា និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយមន្ត្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ ទីចាត់ការ អង្គភាពទាំង៦ នៃរដ្ឋបាលសាលាខេត្តសៀមរាប និងកម្មករក្នុងឱកាសរដូវកាលដែលប្រជាពលរដ្ឋកម្ពុជា ប្រារព្ធធ្វើពិធីអបអរសាទរបុណ្យភ្ជុំបិណ្ឌ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ បានលើកឡើងថា ឆ្លងតាមរយៈកាលបំពេញការងារដ៏នឿយហត់របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកម្មករ រដ្ឋបាលសាលាខេត្ត អស់រយៈពេល១ឆ្នាំមកនេះ ធ្វើឲ្យទទួលបាននូវលទ្ធផល ជាផ្លែផ្កាជាទីមោទនៈក្រៃលែង។ លោកទាំងពីរបន្តថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រោមគោលនយោបាយឈ្នះឈ្នះ បានធ្វើឲ្យប្រទេសជាតិទាំងមូល ទទួលបានសន្តិភាពពេញលេញ និងធ្វើឲ្យសេដ្ឋកិច្ចជាតិ ប្រទេសជាតិទាំងមូលមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តម ប្រាក់ សោភ័ណ បានបន្តថា ទោះបីកម្ពុជាយើង និងនិយាយដោយឡែកខេត្តសៀមរាប ក្នុងរយៈពេលជិត៣ឆ្នាំមកនេះ បានជួបនូវវិបត្តិជំងឺកូវិដ១៩ បានធ្វើឲ្យមានការធ្លាក់ចុះក្នុងវិស័យទេសចរណ៍។ ក្រោយពេលមានភាពធូស្រាល ខេត្តទេសចរណ៍វប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រ និងរមណីយដ្ឋានធម្មជាតិ បានកំពុងក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្តជាបណ្តើរៗឡើងវិញ ក្នុងការស្តារឡើងវិស័យទេសចររបស់ខេត្តផងដែរ។ ទាំងនេះ គឺអាស្រ័យដោយកិច្ចសហការ និងការចូលរួមរបស់មន្ត្រីរាជការសាលាខេត្ត ដែលជាសេនាធិការរបស់ខេត្ត ដែលធ្វើឲ្យសេវាសាធារណៈ បម្រើជូនដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងថា នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ឬបុណ្យចូលឆ្នាំ ដែលជាទំនៀមទំលាប់ប្រពៃណីជាតិខ្មែរម្តងៗ តែងតែធ្វើការជួបជុំសំណេះសំណាលនៃមហាគ្រួសារមន្ត្រី សាលាខេត្ត ដែលមានមន្ត្រីជារៀបច្បង និងមន្ត្រីរាជការនៃសាលាខេត្តសៀមរាបទាំងអស់ ព្រមទាំងបានឧបត្ថម្ភនូវថវិកា ដើម្បីឲ្យបងប្អូនយកទៅប្រើប្រាស់ ទៅតាមសេចក្តីតម្រូវការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្នុងការធ្វើនូវចង្ហាន់ យកទៅប្រគេនព្រះសង្ឃ ដើម្បីឧទិ្ទសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ លោកអ្នកមានគុណ ញ្ញាតិកាលប្រាំពីរសណ្តាន ដែលបានចែកឋានទៅសោយសុខក្នុងសុគតិភពផងដែរ។

ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានណែនាំ និងផ្តាំផ្ញើដល់មន្ត្រីរាជការទាំងអស់ ត្រូវបន្តបំពេញនូវភារកិច្ចស្នូលរបស់ខ្លួន និង មានការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ព្រមទាំងបម្រើនូវសេវាជូនប្រជាជនឲ្យបានទាន់ពេលវេលា និងធ្វើការគ្រប់គ្រងឲ្យបានល្អចំពោះមន្ត្រីក្រោមឱវាទ និងមានការទំនាក់ទំនងល្អជាមួយ បណ្តាមន្ទីរ អង្គភាព និងភ្ញៀវជាតិ អន្តរជាតិ និងក្នុងពេលបើកបរសូមឲ្យប្រើប្រាស់នូវមួកសុវត្ថិភាព និងដាក់ខ្សែក្រវ៉ាត់សុវត្ថិភាពនៅពេលបើកបរ សំខាន់នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះផងដែរ៕