នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង គោរពវិញ្ញាណក្ខន្ធកងអង្គរក្ស ឱកាសបុណ្យកាន់បិណ្ឌ វេនទី៥


ស្របពេលដែលប្រជាពលរដ្ឋកម្ពុជា ជាពុទ្ធសាសនិកជន ចូលរួមពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌជាប្រពៃណីជាតិខ្មែរ នៃវេនទី៥ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នេះ បញ្ជាការដ្ឋានអង្គរក្ស បានប្រារព្វពិធីគោរពវិញ្ញាណក្ខ័ន្ធ ដល់អតីតយុទ្ធជន និងយុទ្ធនារី នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានធ្វើពលីកម្ម និងទទួលមរណៈភាព ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន នាពេលកន្លងមកនេះ។

ពិធីនេះបានប្រារព្ធធ្វើឡើង តាមបែបពិធីការវន្ទនាកិច្ចរបស់កងទ័ព និងទំនៀមទម្លាប់ប្រពៃណីបែបពុទ្ធសាសនា ដោយមានវត្តមានអញ្ជើញជាអធិបតី នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃ ខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងលោកស្រី ប៉ែន ចន្នី រួមជាមួយមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារ ក្នុងបញ្ជាការដ្ឋានអង្គរក្សជាច្រើនរូបទៀត។

បញ្ជាការដ្ឋានអង្គរក្ស ជាអង្គភាពស្នូលមួយរបស់ ខ.ភ.ម ដែលកន្លងមកបានចូល រួមបំពេញតួនាទី ភារកិច្ចយ៉ាងសកម្មក្នុងកិច្ចការពារជាតិមាតុភូមិ ការពារប្រជាជន ការកសាង និងអភិវឌ្ឍន៍ជាតិ ជាពិសេសការការពារសន្តិសុខ សុវត្ថិភាព ថ្នាក់ដឹកនាំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ព្រមទាំងក្រុមគ្រួសារ និងការចូលរួមការងារសង្គមកិច្ចជាច្រើនទៀត ។

នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានលើកឡើងថា ជារៀងរាល់ឆ្នាំ បញ្ជាការដ្ឋានអង្គរក្ស តែងបានរៀបចំនូវពិធីនេះឡើង នៅក្នុងឱកាសបុណ្យប្រពៃណីជាតិ និងបុណ្យភ្ជុំបិណ្ឌ ក្នុងគោលបំណង ដើម្បីឲ្យនាយទាហាន ពលទាហាន បានចូលរួមធ្វើបុណ្យទាន ឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន មានជីដូន ជីតា មាតា បិតា គ្រូឧប្បជាយាចារ្យ និងញាត្តិការ ទាំង៧សណ្តាន ជាពិសេសជូននាយទាហាន និងពលទាហាន ដែលបានបូជាសាច់ ស្រស់ឈាមស្រស់ នៅក្នុងបុព្វហេតុការពារជាតិមាតុភូមិ ហើយបានមកទទួលនូវ មនុញផល និងបានទៅសោយសុខ ក្នុងទីឋានសុគតិភព។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ព្រមទាំង នាយទាហាន និងពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស បាននិមន្តព្រះសង្ឃ ចំនួន០៧អង្គ ដែលនិមន្តមកពីវត្ត ចំនួន០៧វត្ត នៅក្នុងរាជធានភ្នំពេញ, ក្រុងដូនកែវ ខេត្តតាកែវ, ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីសូត្រមន្តរាប់បាត វេរប្រគេនទេយ្យទាន មានគ្រឿងឧបភោគ និងគ្រឿបរិភោគ រួមនឹងបច្ច័យជាច្រើនទៅដល់ព្រះសង្ឃ ស្របតាមគន្លងប្រពៃណីសាសនា នៅក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៥នេះ។

នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្សទាំងអស់ ប្តេជ្ញាការពារ ជាតិ សាសនា ព្រះមហាក្សត្រ សុខសន្តិភាព និងការពារសុវត្ថិភាព សម្តេចសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ នៅគ្រប់អាណត្តិតរៀងទៅ៕