សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះមានរាជរដ្ឋាភិបាលថ្មី តែទំនាក់ទំនងកម្ពុជា-អង់គ្លេស មិនប្រែប្រួលឡើយ


នៅចំពោះមុខឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានគូសបញ្ជាក់ថា ទោះបីកម្ពុជាមានរាជរដ្ឋាភិបាលថ្មី នាយករដ្ឋមន្ត្រីថ្មី តែនយោបាយការបរទេស​របស់​កម្ពុជារក្សានៅដដែល។ ជាពិសេសទំនាក់ទំនងរវាងកម្ពុជា និងអង់គ្លេស គឺមិនប្រែប្រួលនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បែបនេះ ក្នុងឱកាសសម្តេចធិបតី អនុញ្ញាតឱ្យលោក ដូមីនិច វីល្លៀម(Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣នេះ។

យោងតាមបណ្តាញសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោក ដូមីនិច វីល្លៀម បានអបអរសាទរចំពោះសម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រីកម្ពុជា​នីតិកាលថ្មី និងអបអរសាទរ​ចំពោះសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលថ្មីនេះ សម្រេចបានក្នុងរយៈពេល​ដ៏ខ្លី​នេះ រួមទាំងការចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិសំខាន់ៗ ទាំងក្នុងក្របខណ្ឌ​អាស៊ាន និងអង្គការសហប្រជាជាតិ។

លោកឯកអគ្គរាជទូត ក៏បានសម្តែងការអបអរសាទរចំពោះខួបលើកទី៧០ នៃចំណងការទូតកម្ពុជា-អង់គ្លេស ស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងមានការរីកចម្រើនលើគ្រប់វិស័យ។ ជាក់ស្តែងក្នុង​ឆ្នាំ​២០២៣នេះ ក្នុងវិស័យអប់រំ គឺមានសាលារៀនរបស់អង់គ្លេសចំនួន ៣កន្លែង ក្នុងនេះមានសាកល​វិទ្យាល័យ​ចំនួន ១កន្លែង ត្រូវបានបើកដំណើរការ។ លើសពីនេះកម្ពុជា-អង់គ្លេស ក៏បានចាប់ផ្តើមដំណើរគម្រោងពាណិជ្ជ​កម្ម​ប្រទេស​កំពុងអភិវឌ្ឍន៍ (Developing Countries Trading Scheme – DCTS) ប្រកបដោយជោគ​ជ័យ ដែលជាប្រព័ន្ធអនុគ្រោះពន្ធថ្មីមួយ ជំនួសឱ្យប្រព័ន្ធអនុគ្រោះពន្ធទូទៅ(Generalized Scheme of Preferences – GSP) បន្ទាប់ពីចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល​អង់គ្លេស នៅក៏នៅតែបេ្តជ្ញាបន្តគាំទ្រការបោសសម្អាតមីននៅកម្ពុជារហូតដល់ឆ្នាំ២០២៥។

ក្នុងជំនួបនោះ លោកឯកអគ្គរាជទូតអង់គ្លេស ក៏បានស្នើឱ្យមានការពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើ​វិស័យ​ចំនួនពីរ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ពោលគឺវិស័យសេដ្ឋកិច្ចបៃតង និងវិស័យថាមពលកកើតទ្បើង​វិញ ហើយក៏បានបង្ហាញក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការកម្ពុជា-អង់គ្លេស នឹងកាន់តែរីកចម្រើនទ្បើងថែម​ទៀតនៅគ្រប់ផ្នែក និងគ្រប់វិស័យ រួមទាំងផ្នែកនយោបាយផងដែរ។

លោកឯកអគ្គរាជទូត ក៏បានកត់សម្គាល់អំពីជោគជ័យនៃដំណើរការកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហម ដោយបាន​វាយតម្លៃ​ថា នេះជាការបញ្ចប់នូវទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត ស្របពេលដែលកម្ពុជាកំពុងមានការរីក​ចម្រើន​លើ​គ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះលោកឯកអគ្គរាជទូតអង់គ្លេស ក៏ដូចជារាជរដ្ឋាភិបាល និងប្រជាជនអង់គ្លេស ចំពោះការជំរុញឱ្យមានការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ ជាអាទិ៍៖ ការឧបត្ថម្ភគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩, ការគាំទ្រដល់កិច្ចដំណើរការកាត់ក្តីអតីត​មេដឹក​នាំខ្មែរក្រហម រហូតដល់ទីបញ្ចប់, ការប្តេជ្ញាបន្តគាំទ្រដំណើរការបោសសម្អាតមីននៅកម្ពុជា ដើម្បីរួមចំណែកសម្រេចបាននូវចក្ខុវិស័យកម្ពុជាអស់មីនឆ្នាំ២០២៥ ជាដើម។ល។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះការដាក់ឱ្យដំណើរការគម្រោង DCTS និងបានស្នើសុំ​ឱ្យ​ចក្រ​ភព​អង់គ្លេសពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មពីកម្ពុជា បន្ថែមពីលើការនាំចូលផលិតផលវាយ​ន​ភណ្ឌ និងផលិតផលស្បែកជើង។

សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរ នូវជំហរគាំទ្ររបស់កម្ពុជាលើវិស័យ​សេដ្ឋកិច្ចបៃតង និងថាមពលកកើត​ទ្បើង​វិញ ព្រមទាំងបានសម្តែងក្តីរីករាយសាទរចំពោះ​កិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ លើវិស័យទាំង​នេះ នាពេលខាងមុខ។ សម្តេចធិបតី ក៏បានបង្ហាញក្តីរំពឹងថា កិច្ចសហប្រតិបត្តិការកម្ពុជា-អង់គ្លេស នឹងបន្តរុង​រឿង​​ទ្បើង​ថែមទៀតលើគ្រប់វិស័យ ជាពិសេសលើវិស័យពាណិជ្ជកម្ម ដែលនឹងអនុញ្ញាតឱ្យកម្ពុជាអាចពង្រីក​ទីផ្សារថ្មីៗ​បន្ថែមទៀត លើមុខទំនិញនាំចេញទៅកាន់ចក្រភពអង់គ្លេស។ ចំពោះវិស័យការពារជាតិវិញ សម្តេចធិបតី ក៏រំពឹងផងដែរថានឹងមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត ទាំងលើការងារហ្វឹកហ្វឺន, ការធ្វើលំហាត់រួម និងការចូលចតនាវាជាដើម៕