សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគេនទេយ្យវត្ថុ និងបច្ច័យកសាងជូនវត្តចំនួន១៨ ក្នុងខេត្តស្វាយរៀង ក្នុងឱកាសអញ្ជើញកាន់បិណ្ឌវេនទី៥


ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារអញ្ជើញកាន់បិណ្ឌវេនទី៥ នៅវត្តជម្ពូព្រឹក្សា (វត្តថ្មី) ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង និងបានប្រគេនទេយ្យវត្ថុ និងបច្ច័យកសាងដល់វត្តចំនួន ១៨ បន្ថែមទៀតនៅក្នុងខេត្តស្វាយរៀង។

ថ្លែងក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់លោក លោកស្រី បុគ្គលិក មន្ត្រីរាជការ និងពុទ្ធបរិស័ទដោយក្តីនឹករលឹក។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ក្រោមម្លប់នៃសុខសន្តិភាព គឺបានអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប អាចធ្វើបុណ្យតាមបែបប្រពៃណី និងការគោរពប្រតិបត្តិព្រះពុទ្ធសាសនាដែលជាទំនៀមទំម្លាប់ពីដូនតារៀងមក។ ម៉្យាងទៀតទឹកចិត្ត និងសទ្ធាជ្រះថ្លារបស់លោក លោកស្រី និងពុទ្ធបរិស័ទ្ធទាំងអស់នាពេលនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការរួមសាមគ្គីគ្នា ក្នុងការលើកស្ទួយនូវវិស័យព្រះពុទ្ធសាសនានៅកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានេះសម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា មិនត្រូវឲ្យបាត់បង់សមាជិកណាម្នាក់ក្នុងឱកាសបិណ្ឌភ្ជុំនេះទេ កុំឲ្យសប្បាយក្លាយជាទុក្ខ។ ជៀសឲ្យផុតពីការប្រើប្រាស់គ្រឿងញៀន (ទាំងការសេព ការជួញដូរគ្រឿងញៀន និងការសេពគ្រឿងស្រវឹង) ជៀសឲ្យឆ្ងាយពីការប្រព្រឹត្តិនូវល្បែងស៊ីសង ដែលនាំឲ្យអន្តរាយដល់សង្គមជាតិ និងសង្គមគ្រួសារ។

សូមបញ្ជាក់ថា វត្តចំនួន១៨ ដែលទទួលបានទេយ្យវត្ថុក្នុងវេនកាន់បិណ្ឌទី៥ រួមមាន៖ វត្តភ្នំស្រូវ ស្រុកកំពង់រោទិ៍, វត្តសន្តិភាព ក្រុងស្ចាយរៀង, វត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង, វត្តជម្ពូព្រឹក្សា ក្រុងស្វាយរៀង , វត្តរកា ស្រុកស្វាយជ្រំ , វត្តចារ ស្រុកស្វាយជ្រំ , វត្តសណ្តោត ស្រុកស្វាយជ្រំ , វត្តសេរីសោភា ស្រុកស្វាយជ្រំ , វត្តទួលតាព្រហ្ម ស្រុកស្វាយជ្រំ, វត្តបាយ៉ាប ស្រុកស្វាយជ្រំ, វត្តស្វាយយា ស្រុកស្វាយជ្រំ, វត្តព្រៃបន្ទាយ ស្រុកស្វាយជ្រំុំ វត្តក្តីស្លា ស្រុកស្វាយជ្រុំ , វត្តឈូកមាស ស្រុកស្វាយជ្រំ, វត្តអង្គរស ស្រុកស្វាយជ្រំ, វត្តស្វាយព្រហួត ស្រុកស្វាយជ្រំ, វត្តទួលធាតុ ស្រុកស្វាយជ្រំ និងវត្តថ្មី ស្រុកស្វាយយជ្រំ។

រួមជាមួយនឹងទេយ្យវត្ថុ រួមមាន ៖ អង្ករ, មី, ទឹកសុទ្ធ, ទឹកក្រូច, ស្ករស, ទឹកដោះគោ, ធូប, ទៀន, តែ, ប៊ីចេង, ខ្ទឹមស, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ, អំបិល, ប្រេងឆា, មីសួរ, នំអន្សម រួមជាមួយនឹងបច្ច័យមួយចំនួន៕