ក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប ដើម្បីត្រៀមវិធានការឆ្លើយតបទៅលើផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង


ក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានត្រៀមវិធានការឆ្លើយតបទៅលើផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅភូមិសាស្ត្រមួយចំនួនរបស់ខ្លួន និងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តមានការប្រុងប្រយ័ត្ន និងតាមដ្ឋានស្ថានភាពទឹកភ្លៀងតាមតំបន់របស់ខ្លួនឲ្យបានជាប្រចាំ។

ការត្រៀមលក្ខណៈនេះធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំក្រុមការងារ ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យវាយតម្លៃ និងត្រៀមវិធានការផ្សេងៗ ដើម្បីឆ្លើយតបចំពោះផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅស្រុកជីក្រែង នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។

សូមរម្លឹកថា ក្នុងរយៈពេលមួយសប្តាហ៍មកនេះ ខេត្តសៀមរាបបានទទួលរងនូវសម្ពាធទាប និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលបណ្តាលឲ្យរងផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធ ដំណាំ និងសន្ទូង ផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួនផងដែរ។

យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត គិតចាប់ពីថ្ងៃទី២ដល់រសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ស្ថានភាពភ្លៀងធ្លាក់បានប៉ះពាល់ដល់ភូមិចំនួន១៩២នៃឃុំ-សង្កាត់ចំនួន៣៦ ក្នុងចំនួន១០ក្រុង/ស្រុក នៃចំណោម១២ក្រុង/ស្រុក លើកលែងតែស្រុកក្រឡាញ់ និងស្រុកស្រីស្នំ ខេត្តសៀមរាប។

ក្នុងនោះដែរ ប៉ះពាល់ស្រូវចំនួនជិត៨៧ហិកតា ស្មើនឹងជាង៥ពាន់គ្រួសារ និងប្រជាពលរដ្ឋជួបផលប៉ះពាល់ចំនួនជាង៦ពាន់គ្រួសារ និងប៉ះពាល់លំនៅឋានកម្រិតស្រាលជិត៤ពាន់គ្រួសារ និងប៉ះពាល់លំនៅឋានធ្ងន់៣គ្រួសារ ហើយជម្លៀសទៅនៅផ្ទះពលរដ្ឋ។ ខូចខាតផ្លូវកៅស៊ូ បេតុង ដីស ដីក្រហម ជាង៥៦ពាន់ម៉ែត្រ ខូចទំនប់ប្រឡាយជាង១២ពាន់ម៉ែត្រ និងលិចទំនប់ប្រឡាយជាង២៤ពាន់ម៉ែត្រ ច្រោះនិងលិច ដាច់ស្ពាន១៦កន្លែង លិចបរិវេណវត្ត៩ លិចអគាររដ្ឋបាល៩ លិចបរិវេនមន្ទីរពេទ្យ២ និងលិចទីធ្លាសាលារៀន៣៤ផងដែរ។

ឯកឧត្តម អ៊ឹង គឹមលាង បានលើកឡើងថា ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង/ស្រុកបានចុះពិនិត្យ និងវាយតម្លៃទៅលើស្ថានការនៃផលប៉ះពាល់ និងខូចខាតទាំងនេះ ដើម្បីស្នើសុំស្បៀងបម្រុងទុក។ ក្រុមការងារគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង/ស្រុកបានត្រៀមកម្លាំង និងថ្នាំសង្កូវ ព្រមទាំងសម្ភារៈបរិក្ខាមួយចំនួនទុកសម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ សំដៅឆ្លើយតបឲ្យបានទាន់ពេលវេលានូវហានិភ័យ និងឧបទ្ទវហេតុ ដោយជំនន់ទឹកភ្លៀង។ មកដល់ពេលនេះ ពុំមានហេតុការណ៍ ឬបញ្ហាអ្វីកើតឡើងប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋនោះទេ។

ឯកឧត្តម អ៊ឹង គឹមលាង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាបឲ្យមានការប្រុងប្រយ័ត្ន និងតាមដ្ឋានស្ថានភាពទឹកភ្លៀងតាមតំបន់របស់ខ្លួនឲ្យបានជាប្រចាំ ដើម្បីបញ្ចៀសបានពីក្តីអន្តរាយដែលកើតឡើងជាយថាហេតុ ហើយក៏ត្រូវថែរក្សាសុខភាព ជាពិសេសប្រយ័ត្នប្រយែងចំពោះកុមារតូចៗ កុំបណ្តែតបណ្តោយឲ្យពួកគាត់ចុះលេងទឹកផ្តេសផ្តាស ចៀសវាងនូវប្រការអាក្រក់ណាមួយកើតឡើង និងថែទាំសត្វពាហនៈឲ្យបានល្អ សំខាន់រកទីទួលសុវត្ថិភាពសម្រាប់សត្វពាហនៈជ្រកនៅប្រកបដោយសុវត្ថិភាព ព្រមទាំងត្រៀមលក្ខណៈក្នុងការចាក់វ៉ាក់សាំងការពារបង្ការជំងឺដល់គោក្របី នៅពេលទឹកស្រកផងដែរ។

ក្រុមការងារគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានត្រៀមលក្ខណៈសម្រាប់ឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ដូចជា ពូជស្រូវចំនួន២៧០០គ.ក្រ ពូជបន្លែ១០០កញ្ចប់ ថ្នាំសម្លាប់សត្វល្អិត១៥០ដប ថ្នាំសម្លាប់សត្វ កណ្តុរ៥៤គ.ក្រ និងបន្តត្រៀមលក្ខណៈ តាមដាននិងត្រៀមបម្រុងសម្រាប់ជួយសង្គ្រោះ ក្នុងករណីមានគ្រោះមហន្តរាយ ឬឧបទ្ទវហេតុផ្សេងៗ ជាពិសេសបានចេញសារជូនដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ច ប្រជាពលរដ្ឋ និងសាធារណជន ជាពិសេសតំបន់ទំនាបជាប់ផ្លូវទឹកឲ្យបង្កើនការយកចិត្តទុកដាក់ បង្ការ និងត្រៀមបម្រុង ចំពោះហានិភ័យនៃជំនន់ទឹកភ្លៀង ដែលអាចកើតឡើងជាយថាហេតុផងដែរ៕