អភិបាលខេត្តរតនគិរី ដឹកនាំមន្ដ្រីរាជការ ចូលរួមកាន់បិណ្ឌទី៨ នៅវត្តសីមាសុវណ្ណគិរី ស្រុកអូរយ៉ាដាវ


នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងលោកជំទាវ, សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងពុទ្ធបរិស័ទជាច្រើននាក់ បានចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តសីមាសុវណ្ណគិរី (វត្តអូរយ៉ាដាវ) ស្រុកអូរយ៉ាវ ដើម្បីឧទ្ទិសមគ្គផលកុផលបុណ្យ ដល់អ្នកមានគុណទាំងឡាយដែលបានចែកឋានទៅហើយនោះ។

បើតាមលោកតាអាចារ្យ បានលើកឡើងថា ការចូលរួមកាន់បិណ្ឌនេះ ដើម្បីបង្អោនចិត្តគោរពដល់គុណព្រះពុទ្ធ ព្រះធ៌ម ព្រះសង្ឃ ដើម្បីឧទ្ទិសមគ្គផលកុសលបុណ្យ ដល់ជីដូនជីតា ឪពុក ម្តាយ បងប្អូន និងញាតិសន្តានទាំងឡាយ ដែលបានចែកឋានទៅហើយ និងដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តី ដែលកើតពីផលទានរបស់ខ្លួនផង។ ពិធីបុណ្យនេះ ក៏ដើម្បីឲ្យពុទ្ធបរិស័ទបានជួបជុំគ្នា ទទួលនូវពាក្យអប់រំទូន្មានរបស់ព្រះពុទ្ធឲ្យស្គាល់បាប បុណ្យ គុណ ទោស និងខិតខំសាងអំពើល្អនៅក្នុងដំណើរចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃ។

ពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះជាពិធីមួយសំខាន់បំផុត នៅក្នុងព្រះពុទ្ធសាសនា តាំងពីបុរមបុរាណមក ដើម្បីផ្តល់ឱកាសឲ្យកូនចៅដែលនៅរស់ អាចឧទ្ទិសមគ្គផលកុសលបុណ្យ ជូនដល់បុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខ និងដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួនផងពោលគឺជឿលើកម្មផល បុណ្យ និងបាបជាដើម។