អភិបាលខេត្តកំពត រំលឹកមន្ដ្រីក្រោមឱវាទ ត្រូវការពារ និងរួមសុខទុក្ខជាមួយប្រជាពលរដ្ឋ ហើយធ្វើឲ្យពលរដ្ឋមានភាពកក់ក្ដៅ


ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ប្រសិនបើចង់បានការគាំទ្រ និងស្រឡាញ់ពេញចិត្តពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺត្រូវចេះការពារពលរដ្ឋ មានទុក្ខរួមទុក្ខ មានសុខរួមសុខ ជាមួយប្រជាពលរដ្ឋ ហើយត្រូវធ្វើអំពើល្អដើម្បីឲ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ រួមទាំងការរួមសាមគ្គីជាធ្លុងមួយ ជាគ្រួសារតែមួយ គ្រប់ក្រុមគ្រួសាររបស់ពលរដ្ឋ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក ឃុំ នៅស្រុកដងទង់ កំពង់ត្រាច និងស្រុកទឹកឈូ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ៅ ធនិន បានបញ្ជាក់ថា «ក្នុងនាមអាជ្ញាធរមូលដ្ឋាន ត្រូវគិតថាពលរដ្ឋទាំងអស់ទោះនៅទីណា កន្លែងណាក៏ដោយ ក៏សុទ្ធសឹងតែជាបងប្អូន ក្រុមគ្រួសាររបស់យើងទាំងអស់គ្នា ព្រោះយើងបានរស់រានមានជីវិតមកដល់សព្វថ្ងៃនេះ ក៏ដោយសារតែថ្ងៃកំណើតទី២ គឺថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ដូច្នេះយើងត្រូវតែរួមសុខរួមទុក្ខជាមួយពួកគាត់ឲ្យដូចទៅនឹងគ្រួសារតែមួយ»

ម្យ៉ាងវិញទៀត ក្នុងនាមជាក្រុមប្រឹក្សាស្រុក ឃុំ-សង្កាត់ទាំងអស់ មានតួនាទីសំខាន់មួយគឺ រួមគ្នាបំរើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដូច្នេះត្រូវមានសាមគ្គីភាពគ្នា សហការគ្នាឲ្យបានរឹងមាំដើម្បីសម្រេចគោលដៅរួមគ្នា ដោយមិនត្រូវមានការលាបពណ៌គ្នា ចង់ឈ្នះចង់ចាញ់គ្នា ឬរើសអើងគ្នានោះឡើយ ព្រោះបច្ចុប្បន្ននេះយើងរស់ក្រោមដំបូលសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន បានយកមកដោយលំបាកដូចគ្នា។

ក្នុងអាណត្តិទី៧ថ្មីនេះ ក្រោមការដឹកនាំរបស់សម្តេចធីបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា នឹងបន្តការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ដោយសារតែការដឹកនាំរបស់សម្តេចធីបតី គឺមានចក្ខុវិស័យច្បាស់លាស់ យកសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាសុខទុក្ខរបស់សម្តេច។

ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ នៅក្នុងខេត្តកំពត ដែលកន្លងមកបានខិតខំបំពេញតួនាទីភារកិច្ចក្នុងការបំរើប្រជាពលរដ្ឋ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលបានលទ្ធផលល្អ។ លោកជំរុញឲ្យក្រុមប្រឹក្សាស្រុក ឃុំ-សង្កាត់ទាំងអស់ ត្រូវបន្តនូវការដឹកដ៏ល្អនេះបន្តទៅមុខទៀត ដើម្បីឲ្យទទួលបានការគាំទ្រ និងស្រឡាញ់ពីសំណាក់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងដើម្បីតបស្នងសងគុណទឹកដីកំណើត និងតម្លៃនៃសុខសន្តិភាព។

ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឯកឧត្តមអភិបាលខេត្ត ម៉ៅ ធនិន នឹងបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាក្រុង-ស្រុកទាំង៩ និងឃុំ-សង្កាត់ទាំង៩៣នៅទូទាំងខេត្ត ក្នុងន័យដើម្បីថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីភារកិច្ច ក្នុងការបម្រើពលរដ្ឋកន្លងមក និងក្នុងនាមជាកូន ជាបង ជាប្អូន ក្នុងក្រុមគ្រួសារតែមួយ។ សូមបញ្ជាក់ថា ក្នុងខេត្តកំពតមានក្រុង-ស្រុកចំនួន៩ និងមាន៩៣ឃុំ-សង្កាត់ មានសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ចំនួន៧២២នាក់៕