អភិបាលខេត្តបាត់ដំបង ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់ក្រុមគ្រួសាររងគ្រោះ ដោយសារទឹកជំនន់ ក្នុងស្រុកឯកភ្នំ


ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូន ដល់ក្រុមគ្រួសាររងគ្រោះដោយសារទឹក

ជំនន់ចំនួន ៣០០គ្រួសារ មកពីភូមិចំនួន៥ គឺភូមិរហាលសួងចំនួន១០៦គ្រួសារ ភូមិដូងមារចំនួន៣៥គ្រួសារ ភូមិរាជដូនកែវចំនួន៥២គ្រួសារ ភូមិអន្សងសកចំនួន៦០គ្រួសារ ភូមិព្រែកត្រប់ចំនួន ៤៧គ្រួសារ នៃឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានថ្លែងនូវការសួរសុខទុក្ខ និងមានការសោកស្ដាយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ និងធ្វើឲ្យមានការខូចខាតផលដំណាំរបស់ខ្លួន ដោយសារជំនន់ទឹកភ្លៀងនេះផងដែរ។

ឯកឧត្តម អភិបាលខេត្តបានណែនាំដល់រដ្ឋបាលស្រុក ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ ធ្វើយ៉ាងណា ដោះស្រាយបញ្ហាដែលជាកង្វល់របស់ប្រជាពលរដ្ឋ និងឆ្លើយតបជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ជាពិសេសត្រូវប្រមូលទិន្នន័យនៃការខូចខាតនានា និងផលប៉ះពាល់ទៅលើផលដំណាំដោយសារគ្រោះទឹកជំនន់នេះ ឲ្យបានច្បាស់លាស់ រួចត្រូវធ្វើការរាយការណ៍ ឲ្យបានឆាប់រហ័សមករដ្ឋបាលខេត្ត ដើម្បីរដ្ឋបាលខេត្ត ធ្វើការស្នើសុំដល់ប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្ដល់ជាគ្រាប់ពូជស្រូវ ឬពូជដំណាំ និងជំនួយផ្សេងៗតាមលទ្ធភាពជាក់ស្ដែង សំដៅដើម្បី ស្ដារលទ្ធភាពជីវភាពប្រជាពលរដ្ឋ ឲ្យបានទាន់ពេលជៀសវាងមានភាពយឺតយ៉ាវ៕