រដ្ឋមន្ត្រីក្រសួងការងារ ថ្លែងអំណរគុណរដ្ឋាភិបាលស្វីស ដែលជួយជ្រោមជ្រែងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា


ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៩ ខែតុលានេះ បានជួបសំណេះសំណាលជាមួយនឹង លោក PEDRO ZWAHLEN អគ្គរដ្ឋទូតស្វីសប្រចាំនៅកម្ពុជា ថៃ ឡាវ នៅទីស្តីការក្រសួង។ ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងអំណរគុណដល់អគ្គរដ្ឋទូតស្វីស ដែលបានអបអសាទរចំពោះការតែងតាំង ឯកឧត្តមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់អាណត្តិទី៧។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីសដែលបានជួយបណ្តុះបណ្តាលវិស័យបច្ចេកទេសដល់គ្រូឧទ្ទេស និងសិក្ខាកាមរបស់កម្ពុជា ជាពិសេសការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈបៃតងនៅតាមតំបន់ភូមិភាគឦសាន្តរបស់កម្ពុជាលើជំនាញ ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការជួសជុលថែទាំទោចក្រយានយន្ត ការងារកំបោរ និងការងារការ៉ូ និងជួសជុល អគ្គិសនីទូទៅជាដើម។
ក្រៅពីនេះ ភាគីទាំងពីរ ក៏បានព្រមព្រៀងដើម្បីពិភាក្សាបន្ថែមលើការពង្រាងច្បាប់ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈសម្រាប់កម្ពុជាក្រោយភាគីទាំងពីរបានចុះកិច្ចព្រមពៀង។

ក្រៅពីវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណបន្ថែមទៀតចំពោះរដ្ឋាភិបាលស្វីសដែលបានជួយគាំទ្រ និងការបណ្តុះបណ្តាលសមត្ថភាពយុវជនកម្ពុជាចំពោះគម្រោងការទទួលបានការងារសមរម្យដែលបានអនុវត្តតាំងពីឆ្នាំ២០១៧តាមរយៈទីភ្នាក់ងារជាតិ និងមុខរបរនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងកិច្ចសន្ទនាប្រកបដោយភាពស្និទ្ធស្នាលនោះ លោកអគ្គរដ្ឋទូត បានសន្យាជាមួយឯកឧត្តមរដ្ឋមន្ត្រី បន្តគាំទ្រការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីកសាងសមត្ថភាពសិក្ខាកាមកម្ពុជាឱ្យរីកចម្រើនបន្ថែមទៀត។

ក្រៅពីនេះភាគីទាំងពីរ បានជជែកពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកលើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដែលមានភាពចាំបាច់ក្នុងដំណើរការសង្វាក់ផលិតកម្មសេដ្ឋកិច្ច ក្នុងក្របខណ្ឌប្រទេសកម្ពុជា និងស្វីស៕