សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សហគ្រាសធុនតូច និងមធ្យម ដែលស្ម័គ្រចិត្តចុះឈ្មោះអាជីវកម្ម និងទទួលបានគោលការណ៍អនុគ្រោះ ៩ចំណុច


លើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញគោលការណ៍អនុគ្រោះ ៩ចំណុច ចំពោះសហគ្រាសធុនតូច និងមធ្យម ដែលស្ម័គ្រចិត្តចុះឈ្មោះអាជីវកម្ម។

គោលការណ៍អនុគ្រោះទាំង ៩ចំណុច ចំពោះសហគ្រាសធុនតូច និងមធ្យម ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញរួមមាន៖

ទី១៖ ផ្តល់ការលើកលែងការផាកពិន័យនឹងបំណុលទាំងអស់នៅក្នុងឆ្នាំ២០២៣-២០២៨ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមក

ទី២៖ ផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសមីក្រូ ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តនៅក្នុងឆ្នាំ២០២៣-២០២៨ ដោយលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ និងកម្រៃសេវាធ្វើបច្ចុប្បន្នភាព

ទី៣៖ ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តនៅក្នុងឆ្នាំ ២០២៣-២០២៨ តាមរយៈ(១) ការលើកលែងពិន័យទោសទណ្ឌ និងបំណុលពន្ធ ចំពោះការមិនបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី (២) លើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារនឹងកម្រៃសេវាធ្វើបច្ចុប្បន្នភាពនៅពេលចុះបញ្ជី (៣) លើកលែងពន្ធលើប្រាក់បំណុល និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមាសម្រាប់២ឆ្នាំក្រោយការចុះបញ្ជី។

ទី៤៖ ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុន និងមធ្យម ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤- ២០២៥ តាមរយៈ (១) លើកលែងពិន័យទោសទណ្ឌ នឹងបំណុលពន្ធ ចំពោះការមិនពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី (២) លើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូលពន្ធអប្បបរមាសម្រាប់រយៈពេល២ឆ្នាំ ក្រោយការចុះបញ្ជី។

ទី៥៖ ផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច និងមធ្យម ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្ត ក្នុងឆ្នាំ២០២៤- ២០២៥ តាមរយៈការលើកលែងការបង់ពន្ធប៉ាតង់ សម្រាប់រយៈពេល២ឆ្នាំ បន្ទាប់ពីទទួលបានការសម្រេចចុះបញ្ជី

ទី៦៖ កាត់បន្ថយថ្លៃសេវាសម្រាប់ការផ្ដល់សេចក្ដីប្រកាសជូនដំណឹងបើកសហគ្រាស និងការចុះបញ្ជិកាសៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន និងសៀវភៅបើកប្រាក់ខែសម្រាប់សហគ្រាសដែលមានចំនួនកម្មករនិយោជិតតិចជាង៨នាក់

ទី៧៖ ពង្រឹងយន្តការស្វ័យត្រួតពិនិត្យ និងពង្រឹងការអនុវត្តយន្តការក្រុមអធិការកិច្ចអន្តរក្រសួង នៅថ្នាក់ជាតិដើម្បីធានាការចុះធ្វើអធិការរួមគ្នាក្នុងពេលតែមួយ និងមួយលើកក្នុងមួយឆ្នាំ

ទី៨៖ រៀបចំការត្រួតពិនិត្យ និងការធ្វើការរួមគ្នាក្នុងពេលតែមួយ នឹងតែមួយលើកក្នុងមួយឆ្នាំនៅថ្នាក់ក្រោមជាតិ សម្រាប់គ្រប់សហគ្រាសដែលបានឬមិនទាន់បានចុះបញ្ជី ឬស្នើប័ណ្ណឬលិខិតអនុញ្ញាតផ្សេងៗ

ទី៩៖ រៀបចំបង្កើតបទដ្ឋានគតិយុត្តក្របខណ្ឌយន្តការ ដែលមានសកម្មភាពស្របច្បាប់ ជាសហគ្រាសធុនមីក្រូ និងតូច ដោយភ្ជាប់ជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗដូចជា ការលើកលែងការបង់ថ្លៃសេវារដ្ឋបាលនានា សម្រាប់រយៈពេល៥ឆ្នាំជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ចំពោះសហគ្រាសធុនតូច និងមធ្យម ដែលស្ម័គ្រចិត្តចុះឈ្មោះអាជីវកម្ម គឺមិនទទួលបានការបង្ខិតបង្ខំនោះទេ តែគឺទទួលបានការលើកទឹកចិត្តខ្ពស់ ហើយរាល់ពេលការចូលរួមដោយស្ម័គ្រចិត្តនោះនឹងទទួលបានការលើកលែងពន្ធ និងការលើកលែងការអនុគ្រោះនូវពិន័យផ្សេងៗ ដែលពាក់ព័ន្ធនឹងការធ្វើអនុលោមភាពកន្លងមក និងពន្ធលើកទឹកចិត្តផ្សេងៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ចំពោះសហគ្រាសធុនតូច និងមធ្យម ដែលស្ម័គ្រចិត្តចុះឈ្មោះអាជីវកម្ម ក្រៅពីការលើកលែងការផាកពិន័យបំណុល និងការលើកទឹកចិត្តខាងពន្ធដារ ក៏នឹងទទួលបានលទ្ធភាពក្នុងការបណ្តុះបណ្តាលនានា ពាក់ព័ន្ធនឹងការអភិវឌ្ឍ ការគ្រប់គ្រងសហគ្រាស ការបណ្តុះបណ្តាលដល់បុគ្គលិក និងកម្មករ នៅក្នុងសហគ្រាស ដើម្បីលើកកម្ពស់សមត្ថភាពផលិតផល និងសហគ្រាសកាន់តែរឹងមាំ ដែលនេះជាអ្វីដែលរាជរដ្ឋាភិបាលចង់ផ្តល់ឱ្យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមដែរថា ការចុះបញ្ជីដោយស្ម័គ្រចិត្តនេះ នឹងទទួលបាននូវហិរញ្ញប្បទាន ជាមួយនឹងអត្រាការប្រាក់សមរម្យពីធនាគាររដ្ឋផងដែរ ក្នុងនោះចំពោះវិស័យអទិភាពមួយចំនួន ដែលកន្លងមក រដ្ឋមានធនាគារ SMB Bank និងធនាគារសហគ្រាសធុនតូច និងមធ្យម ដែលរាជរដ្ឋាភិបាលបានទម្លាក់ថវិកាដើម្បីជួយផ្តល់ឥណទាន និងហិរញ្ញាប្បទានមួយចំនួន ដែលមានអត្រាការប្រាក់សមរម្យ ដល់វិស័យអទិភាពចំនួនផងដែរ។

សម្តេចធិបតី បានបញ្ជាក់ដែរថា​សម្រាប់អ្នកដែលប្រកបរបរខ្លួនឯង រួមមាន៖ ដូចជា ម្ចាស់ម៉ូតូកង់៣ អ្នកលក់ដូរតាមផ្លូវ និងធ្វើអាជីវកម្មតូចតាចតាមផ្លូវ សម្រាប់ការចុះបញ្ជី គឺពិតជាល្អ ដែលធ្វើឱ្យរដ្ឋបានដឹងនេះ និងដឹងពីជីវភាពក្រីក្រ និងដឹងភាពងាយរងគ្រោះ ហើយរដ្ឋនឹងផ្តល់ជូននូវការថែទាំសុខភាពដោយឥតគិតថ្លៃ តាមរយៈមូលនិធិសមធម៍សុខាភិបាល, ទទួលបានការបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃ និងប្រាក់ឧបត្ថម្ភប្រចាំខែ រួមទាំងការជួយផ្សេងៗទៀតផងដែរ៕