ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត, ក្រុមហ៊ុនខ្នាតយក្សមួយរបស់ចិន បង្ហាញគម្រោងវិនិយោគលើថាមពលហ្គាសជាមួយទុនប្រមាណ ៣ពាន់លានដុល្លារអាមេរិក


ក្រុមហ៊ុន China Machinery Engineering Corporation (CMEC) ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ចិន បានបង្ហាញគម្រោងវិនិយោគលើថាមពលហ្គាសក្នុង​ប្រទេស​កម្ពុជា ជាមួយទុនដ៏សន្ធឹកសន្ធាប់ប្រមាណជា ៣ពាន់លានដុល្លារអាមេរិក។ នេះជាការពង្រីកទុនវិនិយោគដ៏ធំបន្ថែមលើទុនដែលក្រុមហ៊ុនកំពុងវិនិយោគនៅកម្ពុជា។ ការពង្រីកទុនវិនិយោគនេះ ដោយសារក្រុមហ៊ុនជឿជាក់យ៉ាងមុតមាំំពោះការដឹកនាំបន្តវេន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការធានារក្សាបានសុខសន្តិភាព ស្ថេរភាព និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច។

គម្រោងនេះ ត្រូវបានប្រកាសដោយលោក វ៉ាង ប៉ូ (Wang Bo) ប្រធានក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន CMEC ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ទីដែលសម្តេចធិបតី អញ្ជើញចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី៣។

ក្នុងជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC បានថែ្លងអំណរគុណ​សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើនរបស់ក្រុមហ៊ុន CMEC ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SINOMACH ដែលមានជំនាញក្នុងវិស័យទឹកស្អាត, ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ហើយបានវិនិយោគក្នុងគម្រោងជាច្រើននៅកម្ពុជា។

លោក វ៉ាង ប៉ូ បានអះអាងថា ក្នុងរយៈពេល ១០ឆ្នាំបន្តទៅមុខ ក្រុមហ៊ុន CMEC គ្រោង​នឹងសហការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរក្នុងទំហំទឹកប្រាក់ប្រមាណ ៣ពាន់ លានដុល្លារអាមេរិក លើវិស័យថាមពលហ្គាស។

ក្នុងឱកាសនោះ លោក វ៉ាង ប៉ូ ក៏បានថ្លែងកោតសរសើរចំពោះការអភិវឌ្ឍ​រីកចម្រើនលើ​គ្រប់​វិស័យរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាពេលកន្លង​មក។ លោក វ៉ាង ប៉ូ ក៏បានបង្ហាញក្តីសង្ឃឹមជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិប​តី ហ៊ុន ម៉ាណែត កម្ពុជាពិតជានឹងមានការរីកលូតលាស់ជឿនលឿនថែមទៀត ហើយដែល​នេះ​ក៏ជាកត្តាទាក់ទាញគួរជាទីទុកចិត្តសម្រាប់ពង្រីកការវិនិយោគនៅកម្ពុជា។

សម្តេចធិបតី បានសម្តែងនូវក្តីរីករាយសាទរចំពោះជោគជ័យរបស់ក្រុមហ៊ុន CMEC លើការ​វិនិយោគក្នុងប្រទេសកម្ពុជា។ សម្តេចធិបតី ក៏បានស្វាគមន៍ និងគាំទ្រចំពោះគម្រោង​វិនិ​យោគ​បន្ថែមទៀតរបស់ក្រុមហ៊ុន CMEC ដោយនេះ គឺជាការចូលរួមចំណែកដល់ការ​អភិវឌ្ឍ​កម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿងទៅមុខ។

សូមបញ្ជាក់ថា ក្រុមហ៊ុន China Machinery Engineering Corporation (CMEC) ត្រូវ​បានបង្កើតឡើងក្នុងឆ្នាំ១៩៧៨។ ក្នុងឆ្នាំ២០១២ ក្រុមហ៊ុន CMEC ត្រូវបានចុះបញ្ជីក្នុង​ផ្សារ​ហ៊ុនហុងកុង (Hong Kong Stock Exchange)។ ភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចុប្បន្ន គឺគ្រប់គ្រងដោយក្រុមហ៊ុន China National Machinery Industry Corporation។ មុខជំនួញស្នូលរបស់ CMEC គឺផ្នែកវិស្វកម្ម ប៉ុន្តែដោយសារជាក្រុមហ៊ុនសម្ព័ន្ធ​អន្តរជាតិ​ដ៏ធំ​មួយផងនោះ CMEC ក៏ពង្រីកមុខជំនួញលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការស្រាវជ្រាវ និងការអភិវឌ្ឍ (R&D)ព្រមទាំងសេវាអន្តរជាតិផងដែរ។

ដោយមានបទពិសោធន៍ជាង ៣០ឆ្នាំ ក្នុងវិស័យឧស្សាហកម្មវិស្វកម្ម CMEC បានអភិវឌ្ឍ​សមត្ថភាពដើម្បីផ្តល់នូវដំណោះស្រាយការផ្គត់ផ្គង់ច្រកចេញចូលតែមួយ បំពេញតាម​តម្រូវ​ការអតិថិជន EPC ហិរញ្ញវត្ថុ និងប្រតិបត្តិការ ក៏ដូចជាការថែទាំ។

ក្រុមហ៊ុនបានពង្រីកវត្តមានមុខជំនួញរបស់ខ្លួនទៅកាន់ប្រទេស និងតំបន់ចំនួន ៤៧ ក្នុង​តំបន់​អាស៊ី អាហ្រ្វិក អឺរ៉ុប និងអាមេរិកខាងត្បូង ជាមួយការបង្កើតប្រព័ន្ធកិច្ចសន្យា​គម្រោង​មួយដោយផ្តោតលើថាមពលអគ្គិសនីជាស្នូល និងគ្របដណ្តប់លើការដឹកជញ្ជូន ទូរគមនា​គមន៍ បណ្ដាញផ្គត់ផ្គង់ទឹក សម្ភារៈសំណង់ និងស៊ីម៉ងត៍។ល។

ក្នុងខែកុម្ភៈ នៅឆ្នាំ១៩៨៣ CMEC បានឈ្នះក្នុងការដេញថ្លៃសាងសង់ស្ថានីយ៍ថាមពល​កម្ដៅ​មានកម្លាំង 210MW នៅទីក្រុង Guddu ប្រទេសប៉ាគីស្ថាន ហើយបានក្លាយជា ក្រុមហ៊ុនចិនដំបូងគេ ដែលទទួលបានកិច្ចសន្យានៅក្រៅប្រទេសក្រោមកិច្ចព្រមព្រៀង​ឥណ​ទាន export seller។ ចូលដល់ស.វទី២១នេះ CMEC បានក្លាយជាក្រុមហ៊ុនដំបូងគេ ដែលសម្ពោធម៉ាស៊ីនភ្លើងផលិតថាមពលអគ្គិសនីដ៏ទំនើបដំណើរការដោយធ្យូងថ្ម មានកម្លាំង ៦០០មេហ្គាវ៉ាត់ ជាម៉ាកយីហោររបស់ចិន ទៅកាន់ទីផ្សារអន្តរជាតិ។ នៅខែធ្នូ ឆ្នាំ២០១២ រោងចក្រថាមពលធ្យូងថ្ម EREN (1+1) ×600MW នៅក្នុងប្រទេសតួកគី បានឈ្នះពានរង្វាន់ Luban Award for Overseas Projects ដោយបានក្លាយជារោង​ចក្រ​ថាមពល ដើរដោយធ្យូងថ្មនៅក្រៅប្រទេស ដំបូងគេដែលឈ្នះរង្វាន់នេះ។ នៅខែវិច្ឆិកា ឆ្នាំ២០១៥ គម្រោង Belezov នៅប្រទេសបេឡារុស ក៏បានឈ្នះពានរង្វាន់ Luban Award for Overseas Projects ផងដែរ៕