សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រឱ្យបន្តសិក្សាលើគម្រោង​អភិវឌ្ឍន៍ ផ្លូវរថភ្លើងធុនស្រាល​នៅរាជធានីភ្នំពេញ, ខេត្តកណ្តាល និងខេត្តសៀមរាប


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគាំទ្រឱ្យ​ក្រុម​ហ៊ុនចិន បន្តសិក្សាលើគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាលនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បែបនេះ ក្នុងជំនួបជាមួយលោក លី ខ័រ (Li Kuo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Metro Group នាព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣នេះ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

ក្នុងជំនួបនោះ លោក លី ខ័រ បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានផ្តល់ឱកាសឱ្យ​រូប​លោក និងសហការី បានចូលជួបសម្តែងការគួរសម។ លោក លី ខ័រ ក៏បានជម្រាបសម្តេច​ធិប​តី អំពីវឌ្ឍនភាពនៃការសិក្សារបស់ក្រុមហ៊ុនលើគម្រោង​អភិវឌ្ឍផ្លូវរថភ្លើងធុន​ស្រាលចំនួន​ពីរខ្សែនៅក្នុងប្រទេសកម្ពុជា រួមមាន៖ ១) គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាស​យាន​ដ្ឋានអន្តរជាតិខេត្តសៀមរាប-អង្គរ ទៅកាន់ក្រុងសៀមរាប និង ២) គម្រោងផ្លូវរថភ្លើង​ធុន​ស្រាល​តភ្ជាប់ពីអាកាសយាន្តដ្ឋាន​អន្តរជាតិតេជោក្រុងតាខ្មៅ ទៅកាន់រាជធានីភ្នំពេញ។

លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុន ក៏នឹងសិក្សាអំពីលទ្ធភាព​ផ្សេងៗ ក្នុងការជួយសម្រួលចរាចរណ៍នៅកម្ពុជា។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងបានបញ្ជាក់អំពីការគាំទ្រចំពោះ​គម្រោង​នានា ដែលក្រុមហ៊ុន China Metro Group បាន និងកំពុងសិក្សានៅក្នុងប្រទេស​កម្ពុជា ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាចរាចរណ៍។

សម្តេចធិបតី ក៏បានផ្តល់ជាអនុសាសន៍ដល់ក្រុមហ៊ុន ឱ្យមានការគិតគូរសព្វគ្រប់ជ្រុង​ជ្រោយ ជាអាទិ៍ការអភិវឌ្ឍផ្លូវដែកធុនស្រាល, ស្ពានអាកាស និងផ្លូវក្រោមដីជាដើម។ល៕