អភិបាលខេត្តកំពង់ស្ពឺ អំពាវនាវពលរដ្ឋកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីរួមចំណែកការពារបរិស្ថាន


រដ្ឋបាលខេត្តកំពង់ស្ពឺ សហការជាមួយមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ ធ្វើការផ្សព្វផ្សាយ និងណែនាំទៅដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ពិសេសស្ត្រីមេផ្ទះ សូមបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិកចាប់ពីថ្ងៃនេះតទៅ ឬត្រូវកាត់បន្ថយក្នុងកម្រិចខ្ពស់ ដើម្បីលើកកម្ពស់បរិស្ថានស្អាតនៅក្នុងខេត្ត។

ពិធីនេះធ្វើឡើងក្រោមកិច្ចសហការរបស់មន្ទីរបរិស្ថានខេត្ត ដឹកនាំមន្ត្រីរាជការចំណុះមន្ទីរជុំវិញខេត្ត សិស្សានុសិស្សប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា និងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅបរិវេណវេទិការខេត្តកំពង់ស្ពឺ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ស្របពេលដែលប្រទេសមានការអភិវឌ្ឍរីកចម្រើន សង្គមកាន់តែចាយវាយកាន់តែច្រើន និងងាកទៅរកផលិតផលប្រើប្រាស់ កាន់តែងាយស្រួល ដូចជាផលិតផលប្លាស្ទិកដែលប្រើតែម្តងហើយត្រូវបោះចោល។ សំណល់ប្លាស្ទិកដែលបានកើនឡើងខ្ពស់ ក៏ដោយសារតែកំណើនប្រជាពលរដ្ឋ កំណើនជីវភាព និងសេដ្ឋកិច្ច ការផ្លាស់ប្តូរឥរិយាបទក្នុងការប្រើប្រាស់ និងការប្រើប្រាស់ប្លាស្ទិកសម្រាប់វេចខ្ចប់ម្ហូបអាហារ ឬសម្ភារផ្សេងៗ ហើយអ្នកប្រើប្រាស់ចំណេះដឹងនៅមានកម្រិត ក្នុងការញែកសំរាមផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ថង់ប្លាស្ទិកបានប្រើពេលវេលាយ៉ាងហោចណាស់១,០០០ឆ្នាំ ដើម្បីរលាយទៅក្នុងធម្មជាតិ ដែលនេះជាពេលវេលាដ៏យូរបំផុតដែលវាអាចកប់នៅក្នុងដី។ ថង់ប្លាស្ទិកបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន ជីវជម្រុះ សុខភាពមនុស្ស និងសេដ្ឋកិច្ចជាតិ។ ទន្ទឹមនេះសូមប្រជាពលរដ្ឋទាំងអស់ ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដោយងាកទៅប្រើទម្លាប់បែបបុរាណវិញ កន្ត្រកជំនួសឲ្យថង់ប្លាស្ទិក ដើម្បីដាក់ម្ហូបអាហារ ឬនំចំណី និងរបស់ប្រើប្រាស់ផ្សេងទៀត។

លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ក្រោយពីមន្ទីរបរិស្ថានខេត្ត ទទួលការឯកភាពពីរដ្ឋបាលខេត្ត មន្ទីរបានសហការជាមួយរដ្ឋបាលក្រុង/ស្រុក រៀបចំយុទ្ធនាការផ្សព្វផ្សាយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកលើកដំបូង ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីជំរុញឲ្យមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សនុសិស្ស និងប្រជាពលរដ្ឋ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក១ ឬ២ថ្ងៃ ក្នុងមួយសប្តាហ៍ ដោយប្រើប្រាស់សម្ភារៈមកជំនួសដូចជា ថង់អេកូបរិស្ថាន ស្លឹកឈូក ជាដើម។

រហូតដល់ពេលនេះ បានចំនួន៥ក្រុង/ស្រុក គឺក្រុងច្បារមន ក្រុងឧដុង្គម៉ែជ័យ ស្រុកសំរោងទង ស្រុកសាមគ្គីមុនីជ័យ និងស្រុកថ្ពង ស្មើនឹង៧៧សាលារៀន ហើយថ្ងៃនេះក៏មានគ្រប់គ្រឹះស្ថានរដ្ឋ និង ឯកជន ទូទាំងខេត្តចំនួន៤៥៤គ្រឹះស្ថានសិក្សា ដែលមានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន២៣៦,៣៥៨នាក់ បានចូលរួមអនុវត្តយុទ្ធនាការព្រមៗគ្នា ក្នុងពេលតែមួយ នៅតាមបណ្តាក្រុង ស្រុក ទំាង៩ក្នុងខេត្តកំពង់ស្ពឺ៕