ក្រសួងអធិការកិច្ច បើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋម ជំនាន់ទី៥ វគ្គ៧+៨


ក្រសួងអធិការកិច្ចបានបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋម ជំនាន់ទី៥ វគ្គ៧+៨ ដល់សិក្ខាកាមជាមន្រ្តីរាជការបម្រើការងារពាក់ព័ន្ធនឹងវិស័យអធិការកិច្ចមកពីក្រសួង ស្ថាប័នចំនួន១២ រួមទាំងសាលារាជធានី និងខណ្ឌទាំង១៤ ចំណុះរដ្ឋបាលសាលារាជធានីភ្នំពេញ។

ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាទីស្តីការក្រសួងអធិការកិច្ច។

វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមនេះដែរ ផ្តោតលើការងារអធិការកិច្ចក្នុងការចូលរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកនាំ ការគ្រប់គ្រង ពង្រឹងការគោរព និងអនុវត្តច្បាប់ ជំរុញភាពស្អាតស្អំក្នុងការផ្តល់សេវាសាធារណៈ លើកស្ទួយយុត្តិធម៌សង្គម ទប់ស្កាត់ការប្រព្រឹត្តអំពើពុករលួយ និងលើកកម្ពស់អភិបាលកិច្ចល្អ៕