រដ្ឋមន្ត្រីក្រសួងសាធារណការ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឃ្លាំងសន្និធិគយបណ្តោះអាសន្ន របស់កំពង់ផែស្វយ័តភ្នំពេញ


ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ឃ្លាំងសន្និធិគយបណ្តោះអាសន្»ន របស់កំពង់ផែស្វយ័តភ្នំពេញ នៅចំណតផែកុងតឺន័រ LM១៧ ស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានការចូលរួមពីលោកអភិបាលខេត្តកណ្តាល ថ្នាក់ដឹកនាំក្រសួង ក្រុមប្រឹក្សាភិបាលកំពង់ផែស្វយ័តភ្នំពេញ មន្ត្រីពាក់ព័ន្ធ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើនរូប។

សូមបញ្ជាក់ថា «ឃ្លាំងសន្និធិគយបណ្តោះអាសន្ន» ត្រូវបានចាប់ផ្តើមសាងសង់នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ និងបានបញ្ចប់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ដោយបានចំណាយទឹកប្រាក់ប្រមាណ ៣៨០ពាន់ដុល្លារអាមេរិក។ ឃ្លាំងនេះមានទទឹង ២៤,៤ ម៉ែត្រ និងបណ្តោយ ៦០ម៉ែត្រ ចាក់សាបបេតុងអាម៉េទំហំ ១ ៥១០ម៉ែត្រក្រឡា មានបន្ទប់ការិយាល័យចំនួន ២បន្ទប់ និងច្រកទ្វារចំនួន ៤ សម្រាប់រថយន្តចូលចត ដើម្បីផ្ទេរផ្ទុកទំនិញក្នុងពេលតែមួយដូចគ្នា និងមានសមត្ថភាពស្តុកទុកទំនិញក្នុងឃ្លាំង បានប្រមាណ ៨ ៦៤០តោន៕