រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចូលរួមពិធីសម្ពោធរបាយការណ៍អាកាសធាតុ និងការអភិវឌ្ឍប្រទេសកម្ពុជា (CCDR) របស់ធនាគារពិភពលោក


នៅសណ្ឋាគារហ្វ៊ែរហ្វៀល នារសៀលថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមជាវាគ្មិនក្នុងពិធីសម្ពោធរបាយការណ៍អាកាសធាតុ និងការអភិវឌ្ឍប្រទេសកម្ពុជា (CCDR) ដែលរៀបចំដោយធនាគារពិភពលោក (WB)។

ពិធីសម្ពោធរបាយការណ៍អាកាសធាតុ និងការអភិវឌ្ឍប្រទេសកម្ពុជា (CCDR) មានការចូលរួមពីតំណាងធនាគារពិភពលោកលោកស្រី Mariam Sherman នាយិកាប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និងលោកឧកញ៉ា លោក លោកស្រីជា តំណាងក្រុមឯកជន និងអង្គការក្រៅរដ្ឋាភិបាលដែលពាក់ព័ន្ធជាច្រើនទៀត។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ខណៈយុទ្ធសាស្រ្តបញ្ចកោណនេះបានកំណត់យក ទឹកជាវិស័យអាទិភាពមួយក្នុងចំណោមអាទិភាពគន្លឹះចំនួន៥ មនុស្យ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់។

ឯកឧត្តមរដ្ឋមន្ត្រីបានយល់ស្របជាមួយរបាយការណ៍អាកាសធាតុ និងការអភិវឌ្ឍប្រទេសកម្ពុជា(CCDR) របស់ធនាគារពិភាពលោកដែលថា ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យអាកាសធាតុកាន់តែអាក្រក់ទៅៗ ដែលបណ្តាលឱ្យមានទឹកជំនន់ និងគ្រោះរាំងស្ងួតជាញឹកញាប់ឬធ្ងន់ធ្ងរ។ ហើយអាងស្តុកទឹកត្រូវបានសាងសង់ឡើង ដើម្បីធានានូវសន្តិសុខទឹក និងកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។

ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធស្តុកទឹកបច្ចុប្បន្នមានភាពងាយរងគ្រោះដោយទឹកជំនន់ និងគ្រោះរាំងស្ងួត ហេដ្ឋារចនាសម្ព័ន្ធស្តុកទឹកទាំងនោះមានអាយុកាលយូរ ខ្លះជាង៤០ ឆ្នាំមុន និងមិនមានការជួសជុល និងថែទាំដិតដល់។ ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍នានា ជាពិសេសធនាគារពិភពលោក ដើម្បីត្រៀមទប់ទល់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធស្តុកទឹក។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញនូវការយល់ស្របចំពោះអនុសាសន៍របស់របាយការណ៍ CCDR ទាក់ទងទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានទឹក និងទំនើបកម្មប្រព័ន្ធធារាសាស្ត្រ ដោយបាន បញ្ជាក់បន្ថែមថាក្រសួងធនធានទឹក និងឧតុនិយមនឹងបន្តរៀបចំយន្តការនិងគោលនយោបាយ ជាពិសេសទាក់ទងទៅនឹងការគ្រប់គ្រងធនធានទឹកចម្រុះ(IWRM) និងគិតពីនិរន្តភាពរបស់ប្រព័ន្ធធារាសាស្ត្រ តាមរយៈភាពជាដៃគូសាធារណៈ និងឯកជន(PPPS) ជាមួយនឹងការកសាងសមត្ថភាពមន្រ្តីថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ទឹក និងការផ្តល់សេវាទឹក។

គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមបានដាក់ចេញនូវផែនការសកម្មភាពចំនួន៥ ដើម្បីធានានូវសន្តិសុខទឹក និងកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ទី១) ធ្វើការវាយតម្លៃសារពើភ័ណ្ឌអាងស្តុកទឹកដែលមានស្រាប់ និងកំណត់អត្តសញ្ញាណអាងស្តុកទឹកដែលងាយរងគ្រោះបំផុតដោយគ្រោះទឹកជំនន់ និងរាំងស្ងួត ទី២) ការស្តារឡើងវិញ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធទឹកដែលមានស្រាប់ ដើម្បីបំពេញតម្រូវការទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ទី៣) រចនាអាងស្តុកទឹកដែលអាចមានសមត្ថភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ទី៤) បង្កើតប្រព័ន្ធព្យាករណ៍ និងជូនដំណឹងជាមុន ដោយរួមបញ្ចូលទាំងសេណារីយ៉ូអាកាសធាតុបច្ចុប្បន្ន និងអនាគត ដែលអាចគ្រប់គ្រងលំហូរទឹកនៅរដូវប្រាំង និងរដូវវស្សាប្រកបដោយប្រសិទ្ធភាព និងទី៥) ពង្រឹងសមត្ថភាពបុគ្គលិកបច្ចេកទេសដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធអាងស្តុកទឹក រួមបញ្ចូលទាំងសុវត្ថិភាពទំនប់៕