សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ផ្ញើសារជូនពរសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ក្នុងឱកាសចម្រើនជន្មាយុ


សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានផ្ញើសារលិខិតជូនពរសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នាឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុ។

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានបញ្ជាក់ក្នុងសារលិខិតយ៉ាងដូច្នេះថា៖ «ក្នុងឱកាសដ៏មង្គលសួស្ដី ប្រកបដោយមនោសញ្ចេតនាសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខ្ញុំ និងភរិយា សូមចូលរួមសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅ និងសូមជូនពរជ័យ សិរីមង្គល វិបុលសុខដ៏មហាប្រសើរបំផុតជូន សម្តេច និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណ ភ្លឺថ្លា និងជន្មាយុយឺនយូរ»។

ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានបន្ដថា «ខ្ញុំសូមគោរពវាយតម្លៃខ្ពស់ចំពោះ សម្តេច ដែលតែងតែខិតខំ ប្រឹងប្រែងយកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតី និងបទពិសោធន៍ ដើម្បីបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ក្នុងការ បម្រើប្រទេសជាតិមាតុភូមិដ៏បវររុងរឿង នៃយើង»។

ជាថ្មីម្ដងទៀត សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងភរិយា សូមយកឱកាសដ៏សិរីមង្គលនេះ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុ ស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ សម្តេច និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីស្រលាញ់ សូមបានប្រកបដោយពុទ្ធពរ និងពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕