ផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្ស៊ូណា ខេត្តកំពង់ចាម ចាប់ផ្តើមសង់លើទីតាំង ដែលដោះស្រាយផលប៉ះពាល់រួចរាល់មុន


គម្រោងពង្រីកផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់រង្វង់មូលស្ពានគីហ្ស៊ូណា ខេត្តកំពង់ចាម បានចាប់ផ្តើមដំណើរអនុវត្តសាងសង់ លើទីតាំងដែលបានដោះស្រាយផលប៉ះពាល់ បានរួចរាល់មុន ហើយនឹងអនុវត្តជាបន្តបន្ទាប់ទៀត។

តាមឱ្យដឹងពីលោក លឹម សុខហៀង ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជួន ខេត្តកំពង់ចាម ដែលបានអមដំណើរលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជួន និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដើម្បីចុះពិនិត្យមើលវឌ្ឍនភាព នៃដំណើរការស្ថាបនា ពង្រីក កែលម្អផ្លូវជាតិលេខ៧ នៅថ្ងៃទី ២ វិច្ឆិកានេះថា ក្រុមហ៊ុន CRBC របស់ប្រទេសចិន បាននិងកំពុងដំណើរការស្ថាបនា ពង្រីកផ្លូវជាតិ៧ តាមផែនការ នៃគម្រោងជាបណ្តើរៗហើយ។

លោកប្រធានមន្ទីររូបនេះ បានប្រាប់ថា ក្នុងនោះបានចាប់អនុវត្តលើទីតាំង កន្លែងដែលបានដោះស្រាយផលប៉ះពាល់ រួចរាល់បានមុនគេ មានស្ពានចំនួន បួនកន្លែង ក្នុងចំនួនសរុបចំនួន ប្រាំបី ស្ពាន និងផ្លូវចំនួន ពីរ កន្លែង នៃប្រវែងសរុបចំនួនជាង ៤៥ គីឡូម៉ែត្រ ហើយនឹងឈានទៅអនុវត្ត ជាបន្តបន្ទាប់ទៀត ក្រោយពីដោះស្រាយផលប៉ះពាល់ចប់សព្វគ្រប់នោះ។

គួររំលឹកថា គម្រោងពង្រីកលើក កម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ៧ ជាបួនគន្លង ចាប់ផ្តើមសាងសង់ពីរង្វង់ស្គន់ ស្រុកជើងព្រៃ បញ្ចប់ត្រឹមរង្វង់មូលស្ពានគីហ្ស៊ូណា ខេត្តកំពង់ចាម មានប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ។ ដោយគម្រោងនេះ ជាគម្រោងលើកគុណភាពផ្លូវ ពីផ្លូវជាតិកម្រិតលេខ២ មកជា ផ្លូវជាតិកម្រិតលេខ១ រចនាល្បឿនកំណត់ ៨០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយពង្រីកផ្លូវ ទៅជាបួន គន្លង ទៅ-មក ចំណុចគីឡូម៉ែត្រ សូន្យ ដល់គីឡូម៉ែត្រមួយ ក្នុងទីប្រជុំជនស្គន់ និងចំណុចគីឡូម៉ែត្រ ៤៣ បូក៣០០ ដល់គីឡូម៉ែត្រ ៥០០ បូក៥០០ ក្នុងក្រុងកំពង់ចាម ការរចនាទទឹងផ្លូវ មានប្រវែង ២០,៥០ ម៉ែត្រ និងសម្រាប់ទីតាំងក្រៅទីប្រជុំជន មានទទឹងផ្លូវប្រវែង ២៤,៥០ ម៉ែត្រ៕