កម្ពុជា-សិង្ហបុរី ឯកភាពធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងស្តីពី «ការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធ លើប្រាក់ចំណូល»


កម្ពុជា និងសិង្ហបុរី បានចុះហត្ថលេខាលើ «ពិធីសារទី ២» ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ​ស្តីពី«ការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធ លើប្រាក់ចំណូល (​DTA)​»

​ពិធីចុះហត្ថាលេខា «ពិធីសារទី ២» នេះ ត្រូវបានចុះហត្ថលេខាដោយ​ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីប្រចាំ​កម្ពុជា ក្នុងនាម រដ្ឋាភិបាលសិង្ហបុរី ​នាថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០២៣​ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។​

គោលបំណងនៃការរៀបចំឱ្យមាន «ពិធីសារទី ២» នេះ គឺដើម្បីធ្វើវិសោធនកម្មទៅលើកិច្ចព្រមព្រៀង DTA កម្ពុជា-សិង្ហបុរី ឱ្យមានសង្គតិភាពជាមួយបទដ្ឋានអន្តរជាតិ ដែលត្រូវបានវិវត្តចុងក្រោយ ជាពិសេសនៅក្រោម ក្របខ័ណ្ឌបរិយាប័ន្នរបស់អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) សម្រាប់ប្រឈមនឹងការបន្ថយ មូលដ្ឋានគិតពន្ធ និងការបង្វែរប្រាក់ចំណេញ (Base Erosion and Profit Shifting-BEPS) ។

គួរបញ្ជាក់ផងដែរថា «កិច្ចព្រមព្រៀង DTA កម្ពុជា-សិង្ហបុរី» ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១៦ ហើយបានចូលជាធរមាន និងមានប្រសិទ្ធភាពអនុវត្តចាប់តាំងពីថ្ងៃទី០១ ខែ មករា ឆ្នាំ ២០១៨​៕