អភិសន្តិបណ្ឌិត ស សុខា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់សហភាពសហព័ន្ធយុវជនខេត្តបាត់ដំបង និងប្រកាសទទួលស្គាល់លោក សុខ លូ ជាប្រធានកត្តិយស


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុក៣ខេត្ត (បាត់ដំបង ព្រៃវែង និងបន្ទាយមានជ័យ) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់សហភាពសហព័ន្ធយុវជនខេត្តបាត់ដំបង និងប្រកាសទទួលស្គាល់ឯកឧត្តម សុខ លូ ជាប្រធានកត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង។

ក្នុងឱកាសពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ អភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តល់កិត្តិយសប្រគល់លិខិតថ្លែងអំណរគុណជូនដល់ ក្រុមការងារសហភាពសហព័ន្ធយុវជនខេត្ត ក្រុង /ស្រុក។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ ស.ស.យ.ក. ខេត្តបាត់ដំបង រយៈពេល ១ថ្ងៃពេញ និងបានឆ្លងកាត់ការពិភាក្សាយ៉ាងផុសផុលរហូតទទួលបានការឯកភាពគ្នានិងលទ្ធផលជាផ្លែផ្កា។ លទ្ធផលទាំងនេះ កើតឡើងពីការរួបរួមសាមគ្គីគ្នា ប្រកបដោយការយកចិត្តទុកដាក់ របស់អង្គសន្និបាតទាំងមូល។

ឯកឧត្តមបានអំណរគុណចំពោះអស់លោកលោកស្រី សមាជិក សមាជិកាទាំងអស់ ជាពិសេសក្រុមការងារចុះជួយស្រុក ក្រុងទាំង១៤ ដែលបានចំណាយ ទាំងថវិកា ពេលវេលា និងទាំងកម្លាំងកាយ ចិត្ត ក្នុងកិច្ចការងារសង្គម ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបានស្នើដល់អង្គសន្និបាតទាំងមូល នូវចំណុចមួយចំនួនដូចតទៅ៖

*ទី១៖ សូមយកលទ្ធផល នៃសន្និបាតថ្ងៃនេះ ផ្សព្វផ្សាយបន្តទៅដល់សមាជិក សមាជិកាស្រុកក្រុង វិស័យ ឱ្យបានទូលំទូលាយ។

*ទី២៖ ដើម្បីអបអរសាទរខួប៤៥ឆ្នាំ នៃថ្ងៃកំណើត ស.ស.យ.ក សូមថ្នាក់ដឹកនាំ ស.ស.យ.ក. ខេត្ត ក្រុង ស្រុក វិស័យ ពិនិត្យលទ្ធភាពចូលរួមផលិត ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្រងវីដេអូ រូបភាព សម្រង់សំដី ពិសេស្នាដៃ និងសមិទ្ធផលដែល ស.ស.យ.ក សម្រេចបាន ដល់សមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់ ក៏ដូចជាសាធារណជនទូទៅ ឲ្យបានយល់យល់ច្បាស់ពីប្រវត្តិបុព្វហេតុ ពលិកម្មរបស់យុវជន និងការលះបង់របស់សមាជិក
សមាជិកា សសយក គ្រប់ជំនាន់ ដែលបានចូលរួមចំណែកក្នុងបុព្វហេតុសង្គមជាតិ និងយុវជនកម្ពុជា ចាប់តាំងពីការកកើតរហូតដល់បច្ចុប្បន្ន។

*ទី៣៖ បន្តពង្រឹងនិងពង្រីករចនាសម្ព័ន្ធ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្រុក ក្រុង ឱ្យបានសមស្របតាមលក្ខន្តិកៈ ដើម្បីជាមូលដ្ឋានក្នុងការពង្រីកសកម្មភាព
ជំរុញចក្ខុវិស័យ បេសកកម្មនិងបុព្វហេតុ របស់ ស.ស.យ.ក. ឱ្យកាន់តែទូលំទូលាយ និងជ្រាបដល់បេះដូងយុវជន និងមហាជននៅតាមមូលដ្ឋាន។

*ទី៤៖ ចំពោះស្រុក ក្រុង ដែលមិនទាន់មានស្នាក់ការសម្រាប់បំពេញការងារ សូមកៀរគរថវិកាពីក្រុមការងារចុះជួយ ឬសមាជិក សមាជិកា សប្បុរសជន អាជីវករ សម្រាប់សាងសង់ ឬក៏ជួលទីតាំងសមរម្យណាមួយ ដែលអាចបំពេញការងារបានងាយឱ្យសមាជិក សមាជិកាជួបជុំធ្វើសកម្មភាពផ្សេងៗ ពិសេសងាយស្រួលដល់យុវជនថ្មីៗ ដែលមានបំណងចូលជាសមាជិក ស.ស.យ.ក. យើង។

*ទី៥៖ បន្តពង្រឹងអង្គការចាត់តាំងតាមឃុំ សង្កាត់ មន្ទីរ អង្គភាព គ្រឹះស្ថានសិក្សា និងគួរបង្កើតក្រុមការងារនៅថ្នាក់ខេត្ត សម្រាប់ដឹកនាំ រៀបចំអង្គការចាត់តែងនៅតាមមន្ទីរ អង្គភាពជុំវិញខេត្ត គ្រឹះស្ថានសិក្សា។ ប្រធាន-អនុប្រធានស្រុក ក្រុង គួរជ្រើសរើសអ្នកដែលមានសក្ដានុពលតាមបណ្តាឃុំ សង្កាត់ ដើម្បីរៀបចំសមាជិក សមាជិកាបន្ត។

*ទី៦៖ បំផុសឲ្យប្រជាពលរដ្ឋ បង្កើនការដាំដុះបន្លែ ដំណាំហូបផ្លែ និងផលិតផលកសិកម្មនានា ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល
ដែលបានដាក់ចេញ «បង្កើនការដាំដុះផលិតផលក្នុងស្រុក កាត់បន្ថយការនាំចូលផលិតផលពីបរទេស» ពិសេសចៀសវាងទុកដីទំនេរចោល។

*ទី៧៖ បន្តផ្សព្វផ្សាយអំពីលក្ខន្តិកៈ ចក្ខុវិស័យនិងបេសកកម្មរបស់ ស.ស.យ.ក. ដល់សមាជិកថ្មីៗ និងបន្តចុះធ្វើសកម្មភាពនានា ឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់យុវជន និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

*ទី៨៖ សូមបង្កើនការយកចិត្តទុកដាក់ និងដាក់បញ្ចូលក្នុងផែនការឆ្នាំ២០២៤ ដូចជា៖ កីឡា ការអប់រំស្តីពីច្បាប់ចរាចរណ៍ គ្រឿងញៀន គ្រឿងស្រវឹង អនាម័យ បរិស្ថាន។ល។

*ទី៩៖ កំណត់ឱ្យមានការប្រជុំបូកសរុបការងារប្រចាំខែ ត្រីមាស ឆមាស ដើម្បីជាត្រីវិស័យក្នុងការបំពេញការងារ។

*ទី១០៖ រក្សាចាស់បង្កើនថ្មី! សូមបន្តកៀរគរ និងបញ្ចូលសមាជិកថ្មី ឱ្យបានយ៉ាងតិច ៣ ទៅ៥នាក់ ក្នុង ១ខែ នៅតាមស្រុក ក្រុងនីមួយៗ៕