ឆែកសន្យាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រអាទិភាពរបស់ក្រសួងសុខាភិបាល ពិសេសបណ្តុះបណ្តាលធនធាមនុស្ស


ក្នុងជំនួបដែលធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រវាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោក Martin Vávra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា បានសន្យាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រអាទិភាពរបស់ក្រសួងសុខាភិបាល។

លោក Martin Vávra ក៏បានបន្តថានឹងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឆែក លើវិស័យសុខាភិបាល រួមមានការផ្តល់អាហារូបករណ៍ និងកម្មវិធីបណ្តុះបណ្តាលរួមគ្នា បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្ររវាងគ្រឹះស្ថានបណ្តុះបណ្តាលធំពីរ នៅប្រទេសកម្ពុជា គឺសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ទន្ទឹមនឹងនោះឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនអំពីគម្រោងជំនួយបំពាក់សម្ភារៈ នៅមន្ទីរពេទ្យកុមារជាតិ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្នុងឆ្នាំ២០២៤ ខាងមុខនេះ។

ក្នុងឳកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណរដ្ឋាភិបាលសាធារណរដ្ឋឆែក តាមរយៈស្ថានទូតឆែកប្រចាំកម្ពុជា ដែលតែងតែចូលរួមគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាល តាមរយៈគម្រោងគាំពារសុខភាពមាតា និងទារកនៅមន្ទីរពេទ្យកុមារជាតិ ក្នុងរាជធានីភ្នំពេញ និងជំនួយហេដ្ឋារចនាសម្ព័ន្ធ នៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងខេត្តតាកែវ។

លើសពីនោះឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ជាពិសេស លោកឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

សូមជម្រាបថា ក្នុងជំនួពិភាក្សាការងារ និងសម្តែងការគួរសមនេះ លោកឯកអគ្គរដ្ឋទូតបានថ្លែងអបអរសាទរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលឯកឧត្តមទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល៕