អាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរក្រុង Dalian ខេត្ត Liaoning ប្រទេសចិន ចុះកិច្ចព្រមព្រៀងជាមួយគាំទ្រ និងជំរុញលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ សុខភាព និងកីឡា ព្រមទាំងវិស័យផ្សេងៗទៀត


អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរខេត្តសៀមរាប បានជួបពិភាក្សាការងារជាមួយប្រតិភូក្រុង Dalian ខេត្តLiaoning នៃសាធារណរដ្ឋប្រជាមានិតចិន និងបានចុះកិច្ចព្រមព្រៀងជាមួយគាំទ្រ និងជំរុញលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ សុខភាព និងកីឡា ព្រមទាំងវិស័យផ្សេងៗទៀត។

ពិធីនេះបានធ្វើឡើងក្រោមវត្តរបស់ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និងគណៈប្រតិភូក្រុង Dalian ខេត្ត Liaoning ដឹកនាំដោយលោក Wang Tianwei ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនក្រុង Dalian និងសហការី ព្រមទាំងដោយមានការចូលរួមពីលោកនាយករងរដ្ឋបាល លោក លោកស្រី នាយក នាយករងទីចាត់ការចូលរួមផង​ដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ាន ឃុន ក៏ដូចឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងខេត្ត បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូក្រុង Dalian ខេត្តLiaoning ដែលបានចូលជួបសម្តែងការគួរសមនាពេលនេះ ព្រមទាំងបានបង្ហាញអំពីភូមិសាស្ត្រខេត្តសៀមរាប ដែលខេត្តមានសក្តានុពលទៅលើវិស័យទេសចរណ៍ និងវិស័យកសកម្ម។

ឯកឧត្តមបន្តថា ខេត្តសៀមរាប របស់កម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន បានចងសម្ព័ន្ធមេត្រីភាព និងបានធ្វើកិច្ចសហប្រតិបត្តិការ ជាមួយខេត្ត-ក្រុង ចំនួន៣០ នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា ចំនួន០៩ ខេត្ត-ក្រុង កិច្ចព្រមព្រៀងចំនួន ០៦ខេត្ត-ក្រុង និងលិខិតផ្តួចផ្តើមចំនួន ១៥ខេត្ត-ក្រុង។

ឯកឧត្តម អ៊ាន ឃុន បានស្នើដល់ប្រតិភូសូមនាំអ្នកវិនិយោគទុន ក៏ដូចជាប្រជាជនចិន ដេីម្បីមកធ្វេីការវិនិយោគនៅប្រទេសកម្ពុជា ពិសេសវិនិយោគនៅខេត្តសៀមរាប ដែលជាខេត្តមានសក្តានុពលលេីវិស័យទេសចរណ៍ និងវិស័យកសិកម្មផងដែរ។ ការបង្កើតអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាព ដើមី្បផ្សព្វផ្សាយ អំពីវប្បធម៌ អរិយធម៌ និងលើកកម្ពស់ការអភិវឌ្ឍន៍វិស័យផ្សេងៗ ក្នុងខេត្ត ក្រុងទាំងពីរឱ្យកាន់តែមានភាពរីកចម្រើន។

ឯកឧត្តម អ៊ាន ឃុន បានបន្តថា ការចុះកិច្ចព្រមព្រៀងនោះដែរ ភាគីទាំងពីរ បានគាំទ្រ និងជម្រុញលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ សុខភាព និងកីឡា ព្រមទាំងវិស័យផ្សេងៗទៀត ដើម្បីធ្វើការផ្លាស់ប្តូរដំណើរ ទស្សនកិច្ចសិក្សា និងចែករំលែកបទពិសោធន៍ ក្នុងគោលបំណងបង្កើនសមត្ថភាពដល់មន្ត្រី នៃខេត្តក្រុងទាំងពីរទៀតផង។

ក្នុងនោះដែរ ឯកឧត្តមក៏បានធ្វើឆ្លើយតបផងដែរ អំពីការអញ្ជើញរបស់ប្រតិភូ រដ្ឋបាលខេត្ត និងធ្វើការជ្រើសរើសនូវពេលវេលាសមស្របណាមួយ រៀបចំប្រតិភូ ទៅទស្សនកិច្ចសិក្សានៅក្រុងDalian ផងដែរ។

ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនក្រុង Dalian បានបញ្ជាក់អំពីគោលបំណងរបស់ប្រតិភូ គឺសំដៅលើការចងសម្ព័ន្ធមេត្រីភាពរវាងក្រុងDalian និងខេត្តសៀមរាប ដើមី្បធ្វើការចុះហត្ថលេខាយោគយល់គ្នា ក្នុងកិច្ចសហប្រតិបត្តិការ រវាងក្រុង និងខេត្តទាំងពីរ ដោយផ្តោតលើវិស័យ អប់រំ វប្បធម៌ កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម កីឡា និងវិស័យផ្សេងៗទៀត។

លោក Wang Tianwei ក៏បានលើកឡើងអំពីស្ថានភាពភូមិសាស្ត្រ សេដ្ឋកិច្ចរបស់ ក្រុង Dalian នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងក្រុងDalian ជាក្រុងមួយមានយន្តហោះផ្ទាល់ និងធ្វើការហោះហើរផ្ទាប់ឆ្ពោះមកកាន់ ខេត្តសៀមរាប ដើមី្បបង្កើននូវវិស័យទេសចរណ៍ សំដៅឱ្យខេត្ត ក្រុងសម្ព័ន្ធមេត្រីទាំងពីរ មានការរីកចម្រើនទៀតផង។ ក្នុងនោះដែរ ប្រធានប្រតិភូ ក៏បានសំណូមពរដល់ប្រធានក្រុមប្រឹក្សាខេត្ត ធ្វើការជួយជំរុញដល់កិច្ច សហប្រតិបត្តិការរវាងខេត្តក្រុងទាំងពីរ ឱ្យបានដំណើរការទៅដោយរលូន ព្រមទាំងមានសង្ឃឹមជឿជាក់ថា ក្រុមប្រឹក្សាក្រុង Dalian និងក្រុមប្រឹក្សាខេត្តសៀមរាប ក៏ដូចរដ្ឋបាលខេត្ត ក្រុងទាំងពីរមានកិច្ចប្រតិបត្តិការល្អនឹងគ្នា សំដៅទៅអភិវឌ្ឍខេត្ត ក្រុងទាំងពីរនៅពេលអនាគត។

ជាមួយនេះដែរ លោកប្រធានប្រតិភូ ក៏បានស្នើសុំដល់ប្រធានក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តសៀមរាប ចាត់តាំងរៀបចំប្រតិភូទៅធ្វើការទស្សនកិច្ចសិក្សាស្វែងយល់នៅក្រុង Dalian ខេត្ត Liaoning ផងដែរ៕