​ក្រសួងសាធារណការ បើកកិច្ចប្រជុំត្រៀមរៀបចំពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ


ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណ:កម្មការរៀបចំពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះបានដឹកនាំកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការងារត្រៀមរៀបចំពិធីអបអរសាទរខួប១ឆ្នាំ របស់អនុគណៈកម្មការ និងគណៈកម្មការទទួលបន្ទុកនីមួយៗ សំដៅធ្វើយ៉ាងណាឱ្យការរៀបចំពិធីនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានការសាទរពីគ្រប់ភាគីចូលរួមទាំងអស់។

បន្ទាប់ពីកិច្ចប្រជុំឯកឧត្តមរដ្ឋលេខាធិការ ក៏បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធី និងស្នើឱ្យថ្នាក់ដឹកនាំទទួលបន្ទុក គណៈកម្មការ និងអនុគណៈកម្មការទាំងអស់ ក៏ដូចជាមន្ត្រីបច្ចេកទេសយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដោយសហការឱ្យបានជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យការរៀបចំពិធីអបអរសាទរខួប១ឆ្នាំនេះទទួលបានលទ្ធផលល្អតាមការគ្រោងទុក។

សូមបញ្ជាក់ដែរថា ពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងធ្វើឡើងនាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ៕