ឯកឧត្តម ហោ ណាំហុង សង្ឃឹមថាវិទ្យាស្ថានកិច្ចការបរទេសប្រជាជនចិន នឹងជួយផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា ទៅប្រជាជនចិនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន ជាពិសេសនៅតំបន់ប្រាសាទអង្គរ


ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហាញសង្ឃឹមថាវិទ្យាស្ថានកិច្ចការបរទេសប្រជាជនចិន (CPIFA) នឹងជួយផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា ទៅប្រជាជនចិនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន ជាពិសេសនៅតំបន់ប្រាសាទអង្គរ។

ក្តីសង្ឃឹមនេះ ត្រូវបានបង្ហាញឡើងពេលឯកឧត្តម ហោ ណាំហុង បានអនុញ្ញាតលោកឯកអគ្គរដ្ឋទូត លី ជៀ (Mr. Li Jie) អនុប្រធានវិទ្យាស្ថានកិច្ចការបរទេសប្រជាជនចិន(CPIFA) ចូលជួបសម្ដែងការគួរសម នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត បានលើកឡើងថា កិច្ចព្រមព្រៀងខ្សែក្រវ៉ាត់ និងផ្លូវ (BRI) បានចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍនៅក្នុងប្រទេស ភ្ជាប់នឹងខ្សែក្រវ៉ាត់ និងផ្លូវ(BRI) នៅកម្ពុជា មិត្តចិនបានកសាងផ្លូវជាង៣ពាន់គីឡូម៉ែត្រ មានស្ពានឆ្លងកាត់ទន្លេជាង១០ស្ពាន ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប ដែលទើបតែសម្ពោធដាក់ឱ្យប្រើប្រាស់ និងបម្រើភ្ញៀវទេសចរណ៍ធ្វើឱ្យមានកំនើនទេសចរណ៍ទៅតំបន់អង្គរបានកាន់តែច្រើន។ លោកសង្ឃឹមថា ខាងវិទ្យាសា្ថននឹងជួយផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅប្រជាជនចិន ឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនជាពិសេសនៅតំបន់ប្រាសាទអង្គរ។

នៅក្នុងឱកាសជំនួបនេះដែរ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត បានថ្លែងអំណរគុណដែល លោកលី ជៀ បានអញ្ជើញមកប្រទេសកម្ពុជា ហើយលោកកិត្តិបរិរក្សបណ្ឌិត បានលើកឡើងថា វិទ្យាស្ថានកិច្ចការបរទេសប្រជាជនចិន បានបង្កើតឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៤៩ បន្ទាប់ពីការប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលមកដល់ឆ្នាំ២០២៣នេះ មានរយៈពេល៧៤ឆ្នាំហើយ ដែលជាគំនិតផ្តួចផ្តើមរបស់លោក ជូ អេនឡាយ (Zhou Enlai) ជាប្រធានាធិបតីដ៏ល្បីល្បាញរបស់ចិន។ វិទ្យាស្ថាននេះ ពិតជាមានសារៈសំខាន់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រជាជនចិននិងប្រជាជនពិភពលោក ដែលធ្វើឱ្យវិស័យការទូតរបស់ចិនមានការរីកចម្រើន និងមានការគោរពទូទាំងសកលលោក។

ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត បានលើកថា ទាក់ទងនឹងបញ្ហា Indo-Pacific ចំពោះកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានយកជំហរច្បាស់លាស់៣ រួមមាន៖ ១៖ បើកចំហរ, ២៖ មិនប្រឆាំងប្រទេសណាមួយ និង៣៖ រក្សាសុខសន្តិភាពក្នុងតំបន់ និងការអភិវឌ្ឍ។ ចំពោះសភាពការណ៍តានតឹងរបស់លោកខាងលិចនិងចិន លោកស្នើវិទ្យាស្ថានធ្វើយ៉ាងណាផ្សព្វផ្សាយឱ្យប្រជាជនយល់ច្បាស់ ពីគោលនយោបាយការទូតរបស់ចិន គឺដើម្បីឱ្យមានសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិភាព និងការអភិវឌ្ឍ។

លោក លី ជៀ បានថ្លែងអំណរគុណ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ដែលបានអនុញ្ញាតឱ្យលោកនិងសហការីបានចូលជួបសម្តែងការគួរសម និងបានពាំនាំពាក្យសួរសុខទុក្ខ ពីសំណាក់ប្រធានកិត្តិយសនៃវិទ្យាស្ថាន និងអញ្ជើញ ឯកឧត្តម ហោ ណាំហុង និងសហការី ទៅទស្សនកិច្ច នៅប្រទេសចិនក្នុងពេលវេលាណាមួយដ៏ខ្លីខាងមុននេះ។

លោក លី ជៀ យល់ស្របជាមួយឯកឧត្តម ហោ ណាំហុង អំពីបញ្ហា Indo-Pacific និងបន្តជំរុញទំនាក់ទំនងរវាងប្រជាជនកម្ពុជា-ចិនឱ្យកាន់តែរឹងមាំថែមទៀត និងផ្សព្វផ្សាយអំពីនយោបាយការទូតរបស់ចិនទៅកាន់សកលលោក ព្រមទាំងផ្សព្វផ្សាយពីកម្ពុជាឱ្យប្រជាជនចិនបានយល់ដឹងដើម្បីបង្កើនការវិនិយោគ និងទេសចរណ៍កាន់តែច្រើនមកកម្ពុជា៕