ក្រសួងបរិស្ថាន និងសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ពង្រឹងការផ្សព្វផ្សាយផ្សារភ្ជាប់ ដំរី ធម្មជាតិ និងជនជាតិដើមជំរុញវិស័យអេកូទេសចរណ៍ ខេត្តរតនគិរី


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជំរុញការផ្សព្វផ្សាយផ្សារភ្ជាប់ដំរី ធម្មជាតិ និងជនជាតិដើម ក្នុងគោលបំណងលើកកម្ពស់វិស័យអេកូទេសចរណ៍ ខេត្តរតនគិរី។ ជំនួបសម្តែងការគួរសមនេះ បានធ្វើឡើងនៅទីស្តីការក្រសួង នារសៀលថ្ងៃទី ០៧ វិច្ឆិកា ឆ្នាំ២០២៣។

លោកជំទាវ ក្លេខៃ ចិន្តា ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បានជម្រាបជូនលោករដ្ឋមន្រ្តីថា បច្ចុប្បន្នសមាគមអៃរាវត្តា មានដំរីចំនួន ៤ក្បាល ក្នុងនោះរួមមាន ដំរីញី១ក្បាល ឈ្មោល២ក្បាល និងកូនដំរីញី១ក្បាលទៀតឈ្មោះ ណូអែល ទេវី។ ជាមួយគ្នានេះ សមាគមអភិរក្សដំរីខ្មែរអៃរាវត្តាបានស្នើសុំការគាំទ្របន្ថែមទៀតពីក្រសួងបរិស្ថានលើសកម្មភាពអេកូទេសចរណ៍ និងជួយផ្សព្វផ្សាយវិស័យនេះឱ្យកាន់តែទូលំទូលាយថែមទៀត។

ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តមរដ្ឋមន្រ្តីសូមគាំទ្រការអភិវឌ្ឍសកម្មភាពអេកូទេសចរណ៍ និងជួយផ្សព្វផ្សាយវិស័យនេះក្រសួងបរិស្ថានសូមគាំទ្រទាំងស្រុង ហើយនឹងរៀបចំពិនិត្យមើលលទ្ធភាព ក្នុងការជួយជំរុញការអភិវឌ្ឍតំបន់ទេសចរណ៍ដោយរបៀបណា ទៅទិសដៅណា ហើយតភ្ជាប់តំបន់ទេសចរណ៍ធម្មជាតិណាខ្លះទៀត ដើម្បីតភ្ជាប់ជារបៀងទេសចរណ៍ធម្មជាតិផង និងបង្កើនវិសាលភាពតំបន់ទេសចរណ៍ធម្មជាតិ ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីបម្រើឱ្យវិស័យទេសចរណ៍កាន់តែមានភាពទាក់ទាញ។

សូមរម្លឹកជូនថា សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បានបង្កើតឡើងក្នុងគោលបំណង លើកកម្ពស់ការងារបរិស្ថាន ធនធានធម្មជាតិ អប់រំស្រាវជ្រាវ វប្បធម៌ប្រពៃណីខ្មែរ ដោយផ្តោតលើការងារសំខាន់ចម្បងចំនួនគឺ៖

ទី១៖ ជួយកិច្ចការអភិរក្សដំរីស្រុកនៅកម្ពុជាដែលប្រឈមនឹងការផុតពូជ
ទី២៖ ជួយលើកកម្ពស់វិស័យអេកូទេសចរណ៍នៅក្នុងតំបន់ធនធានធម្មជាតិ
និងទី៣៖ បង្កាត់ពូជដំរីស្រុកឱ្យកើតកូនកើតចៅបានកាន់តែច្រើន៕