ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា, មន្ត្រីបន្ទុកសិទ្ធិកុមារ UN និងតំណាងអង្គការយូនីសេហ្វ ប្រចាំកម្ពុជា ជួបពិភាក្សាពីការបង្កើតស្ថាប័នជាតិសិទិ្ធមនុស្សនៅកម្ពុជា និងសេចក្តីព្រាងច្បាប់ ស្ដីពីកិច្ចការពារកុមារ


ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានទទួលជួបលោកស្រី Ann Marie Skelton ប្រធានគណៈកម្មាធិការទទួលបន្ទុកសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ, លោកបណ្ឌិត Will Parks តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា និងលោកស្រី Sopio Kiladze អនុប្រធានគណៈកម្មាធិការទទួលបន្ទុកសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ និងសហការី ដើម្បីពិភាក្សាការងារ។

ជំនួបនេះ រៀបចំឡើងក្នុងគោលបំណង ពិភាក្សាទៅលើរបៀបវារៈសំខាន់ចំនួនពីរគឺ៖ ១. ការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស (NHRI) ក្នុងប្រទេសកម្ពុជា និង២. ការពិភាក្សាលើប្រធានបទដែលទាក់ទងនឹងកុមារ មានជាអាទិ៍៖ សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ ការផ្តល់សច្ចាប័នលើពិធីសារបន្ថែមទី៣ ស្តីពីនីតិវិធីបណ្តឹងនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ ការកេងប្រវ័ញ្ចលើកុមារ និងពលកម្មកុមារ។

ឆ្លើយតបទៅនឹងការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស (NHRI) ក្នុងប្រទេសកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ គ.ស.ម.ក. បានសហការជាមួយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ដែលជាសហប្រធាន រៀបចំកិច្ចពិគ្រោះយោបល់ចំនួន ៣២លើក ដែលមានទាំងថ្នាក់តំបន់អាស៊ាន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាមួយភាគីពាក់ព័ន្ធ ដែលរួមមានទាំងតំណាង NHRI ក្នុងតំបន់ តំណាងវេទិកាអាស៊ីប៉ាស៊ីហ្វិកនៃ NHRI (APF) ក្រុមអង្គការសង្គមស៊ីវិល សហជីព គ្រឹះស្ថានឧត្តមសិក្សា មេធាវី ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមជនជាតិដើមភាគតិច។ គ.ស.ម.ក. បានបញ្ជូនសេចក្ដីព្រាងច្បាប់នេះទៅទីស្ដីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានលើកឡើងថា នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែប្ដេជ្ញាបន្ដថែរក្សាសន្ដិភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការធានានូវសិទ្ធិមនុស្ស ជាពិសេសសិទ្ធិរស់រានមានជីវិត និងលើកកម្ពស់ការការពារសិទ្ធិស្រ្តីនិងសិទ្ធិកុមារ។ ទន្ទឹមនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ បានផ្ដោតជាអាទិភាពលើវិស័យសង្គមកិច្ច ដែលជួយទៅលើជនក្រីក្រ និងងាយរងគ្រោះ រួមទាំងស្ដ្រីមានផ្ទៃពោះ ជាពិសេសលើកម្មវិធីគាំពារសង្គមផ្សេងៗ មានវិស័យអប់រំ សុខាភិបាល និងសង្គមកិច្ច តាមរយៈការបង្កើនថវិកាជាតិសម្រាប់វិស័យទាំងនេះក្នុងឆ្នាំ២០២៤ ដែលរដ្ឋសភាជាតិនឹងអនុម័តក្នុងពេលខាងមុខនេះ។

ចំពោះរបៀបវារៈទី២ ដែលពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ ការផ្តល់សច្ចាប័នលើពិធីសារបន្ថែមទី៣ស្តីពីនីតិវិធីបណ្តឹង ការកេងប្រវ័ញ្ចលើកុមារ និងពលកម្មកុមារ, ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានជម្រាបទៅកាន់ប្រតិភូទទួលបន្ទុកសិទ្ធិកុមារនៃអង្គការសហប្រជាជាតិថា ការងារទាំងនេះគឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ឆ្លើយតបទៅនឹងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា, គណៈប្រតិភូនៃគណៈកម្មាធិការទទួលបន្ទុកសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ យល់ឃើញថារាល់ការងារអនុសញ្ញា កតិកាសញ្ញាអន្តរជាតិនានាដែលពាក់ព័ន្ធនឹងសិទ្ធិកុមារ សិទ្ធិស្រ្តី សិទ្ធិជនមានពិការភាព និងការប្រឆាំងទារុណកម្មជាដើម គឺស្ថិតនៅក្រោមវិស័យសិទ្ធិមនុស្ស ព្រោះការងារទាំងនេះពាក់ព័ន្ធនឹងតួនាទីនិងភារកិច្ចរបស់គណៈកម្មាធិការនេះ។

បន្ទាប់ពីទទួលបានអនុសាសន៍នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានឹងខិតខំប្រឹងប្រែងធ្វើការសហការបន្តទៀតជាមួយនឹង ក្រសួងពាក់ព័ន្ធដើម្បីពិនិត្យមើលលទ្ធភាពនិងពិភាក្សាលើកត្តាផ្សេងៗ ទាក់ទងនឹងសំណើរបស់គណៈ កម្មាធិការទទួលបន្ទុកសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ។

គណៈប្រតិភូក៏បានកត់សម្គាល់ និងសម្ដែងនូវការកោតសរសើរចំពោះប្រទេសកម្ពុជា ដែលមានវឌ្ឍនភាពជាវិជ្ជមានលើការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិកុមារ៕